ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អនុសាសន៍៣ចំណុច ដល់គ្រប់ភាគីពាក់ពន្ធ័ដើម្បីឲ្យវប្បធម៌ជាតិកាន់តែរីកចម្រើន និងមានភាពល្បីល្បាញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០៣ ២០២០ ៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អនុសាសន៍ ដល់គ្រប់ភាគីពាក់ពន្ធ័ត្រូវបណ្តុះការស្រឡាញ់និងឆន្ទៈថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឲ្យវប្បធម៌ជាតិកាន់តែរីកចម្រើន និងមានភាពល្បីល្បាញ ក្នុងតំបន់និងសកលលោក។
ថ្លែងក្នុងឱកាសទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជក់ថា ដើម្បីឱ្យវប្បធម៌ជាតិដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ និងជាឧបករណ៍ សម្រាប់កិច្ចសន្ទនា ការផ្សះផ្សា សង្គម និងជាស្ពាននៃការតភ្ជាប់រវាងប្រជាជាតិមួយទៅប្រជាជាតិ មួយទៀតកាន់តែមានការរីកចម្រើន និងមានភាពល្បីល្បាញ ទី១ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវបន្តសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងស្ថាប័ន ពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា ដើម្បីរៀបចំមហោស្រព សិល្បៈយុវជនទូទាំងប្រទេសនិង បំផុសស្មារតី ទិវាវប្បធម៌ជាតិ ឱ្យបានកាន់តែសកម្មនិងផុសផុល ទាំងក្នុងនិងក្រៅប្រទេសក្នុង បុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ អនុលោមតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ ដោយរដ្ឋជាអ្នកគាំទ្រគាំពារ ដៃគូឯកជនជាអ្នកអនុវត្ត ។ ទី២ ត្រូវបន្តនិងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន តាមរយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជន នៅតាមវិទ្យាល័យ សកលវិទ្យាល័យនិងអង្គការ សមាគមសិល្បៈទូទៅ ដើម្បីពង្រឹង គុណភាព អ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀសវាងការលួចចម្លងទាំងស្រុង នូវស្នាដៃសិល្បៈអ្នកដទៃនិងបរទេស ។ ជាមួយគ្នានេះ ត្រូវបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ខេត្តនៅទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប ។ និងទី៣ ត្រូវបង្កើតភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ និង ប្រព័ន្ធសារព័ត៌មានឯកជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង-ស្ថាប័នរដ្ឋ និងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នកវប្បធម៌គ្រប់ៗរូប ហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសារ រូបភាពនិងវីដេអូនានា ដើម្បីរំលឹក និងអបអរ ទិវាវប្បធម៌ជាតិ និងព្រឹត្តិការណ៍វប្បធម៌ ដែលមានអត្ថប្រយោជន៍ផ្សេងៗទៀត ជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន និងជាសរសទ្រូងនៃប្រទេសជាតិ ៕