ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រតិកម្មធ្ងន់ៗ ចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរ ទៅសម្តែងនៅប្រទេសសិង្ហបុរីដោយមិនសមរម្យ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០៣ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រតិកម្មធ្ងន់ៗចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរ ទៅសម្តែង នៅប្រទេសសិង្ហបុរីដោយមិនសមរម្យ ដែលធ្វើឱ្យខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ ហើយជាការប្រមាថដល់វប្បធម៌ខ្មែរ រាជវង្សានុវង្ស និងអង្គព្រះមហាក្សត្រ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្តេចទទួលបានវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងការសម្តែងរបាំព្រះរាជទ្រព្យ ដែលរៀបចំឡើងដោយជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី សហការជាមួយពលរដ្ឋខ្មែរមួយចំនួន។
ថ្លែងក្នុងឱកាស ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០២០ នេះ សម្តេតេជោបានមានប្រសាសន៍ថា ក្នុងតួនាទីជានាយករដ្ឋមន្រ្តីសម្តេចមិនអាចទទួលយកបានទេ នូវការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរីបែបនោះ ដោយមានអប្សរារាំនៅក្រោយជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី ដែលជាគ្រូអាគមន៍អូម អាម ។ សម្តេបានចាត់ទុកថា ការសម្តែងបែបនេះជាការវាយប្រហារដល់របបរាជានិយម ព្រះមហាក្សត្រ និងរាជវង្សានុវង្ស ។
សម្តេចតេជោក៏បានបញ្ជារដល់ក្រសួងមហាផ្ទៃ ត្រូវហាមឃាត់លោក Cheah Fah Loong ជនជាតិម៉ាឡេស៊ីសញ្ជាតិសង្ហបុរី ដែលរៀបចំរបាំព្រះរាជទ្រព្យដោយខុសឆ្គងនេះ មិនចូលមកប្រទេសកម្ពុជាផងដែរ ប៉ុន្តែបើសិនជាជននេះសុំទោសចំពោះទោសកំហុសខ្លួន រាជរដ្ឋាភិបាលនឹងពិចារណា ក្នុងការអនុញ្ញាតឱ្យចូលមកកម្ពុជាវិញ ។
« កាលពីម្សិលមិញខ្ញុំបានទទួលឯកសារមួយ ដែលសុំយកឪកាសនេះបង្ហាញនៅការសោកស្តាយ ហើយក៏មិនអាចទទួលយកបាននៅការធ្វើបែបនេះ ។ នោះនៅត្រង់ថាក្រុមសិល្បៈព្រះរាជទ្រព្យមួយក្រុម បានទៅសម្តែងនៅសាំងហ្គាពួរ ហើយទីកន្លែងនៃការសម្តែងនោះគឺវាខុសនិងក្បួនខ្នាត នៃការសម្តែងសម្រាប់ទំរង់ នៃសិល្បៈបុរាណខ្មែររបស់យើង ។ តាមអ្វីដែលខ្ញុំបានឃើញនោះគេចាត់ទុកជាពិធីនៃការបួងសួងដើម្បីសុំសេចក្តីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ក៏ប៉ុន្តែអ្វីជាទំរង់នោះគឺមិនមែនយ៉ាងដូច្នេះទេ នៅត្រង់ថាគ្រូអូមអាមរបស់សាំងហ្គាពួរម្នាក់ដែលជាគ្រូហុងស៊ុយ ប៉ុន្តែសម្រាប់យើងហៅថាជាគ្រូអូមអាមទៅវិញទេ ។ អ្នករាំរបាំព្រះរាជទ្រព្យយើងនៅខាងក្រោយលោកគ្រូនោះ ពេលលោកគ្រូនោះឡើងឈរដើម្បីបន់ស្រន់បែជាយើងទៅអង្គុយថ្វាយពីខាងក្រោយខ្នង នេះជាការបន្ទាបបន្ថោកនៅវប្បធម៌ជាតិរបស់យើង។ ខ្ញុំសុំស្នើឲ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈទៅធ្វើការគ្រប់គ្រង បច្ចុប្បន្ននេះយើងមានស្ថាប័នជាតិរបស់យើងយើងមានស្ថាប័នថ្នាក់ក្រោមជាតិរបស់យើងដើម្បីគ្រប់គ្រង ក្រៅពីនោះនៅមានសមាគមន៍ច្រើនណាស់ដែលធ្វើការបណ្តុះបណ្តាល ធ្វើការអភិរក្សរួចហើយគ្រប់គ្រងជាមួយសិល្បករសិល្បករិនីនោះរួចហើយក៏ចេះតែយកទៅសម្តែង ខ្វះការពិចារណា ។ ខ្ញុំមិនអាចទទួលយកបានទេ នៅការធ្វើឲ្យអាប់អោននៅមរតក ដូនតាដែលបានបន្សល់ទុកហើយជាពិសេសគឺរបាំព្រះរាជទ្រព្យ ដែលសូម្បីតែអង្គព្រះមហាក្សត្ររបស់យើង ក៏មិនដែលបានឃើញថារបាំព្រះរាជទ្រព្យត្រូវបានសម្តែងនៅពីក្រោយមនុស្សនោះទេ ។ ក៏ប៉ុន្តែផ្ទុយទៅវិញរបាំព្រះរាជទ្រព្យ របាំទាំងអស់បែរមុខឆ្ពោះទៅរក ព្រះភក្រ្តព្រះមហាក្សត្រ រឺក៏ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅវិញទេ ។ អ្វីដែលធ្ងន់ធ្ងរជាងនោះមនុស្សម្នាក់នេះដែលជាជនជាតិម៉ាឡេ ទើបនិងចូលសញ្ជាតិសាំងហ្គាពួរ បានបន្ទុបបង្អាប់វាយប្រហារព្រះបរមរាជ យ៉ាងធ្ងន់ធ្ងរដែលខ្ញុំមិនអាចទទួលយកបានទេ »៕