ក្រសួងបរិស្ថានជំរុញប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃដើម្បីការពារសុខភាពរបស់ខ្លួន

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី
MC: មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ជំរុញប្រជាពលរដ្ឋចូលរួមអភិរក្សសត្វព្រៃ និងបញ្ឈប់ការបរិភោគសាច់សត្វ ព្រៃ ដើម្បីការពារសុខភាពរបស់ខ្លួន ស្របពេលពិភពលោកកំពុងរាតត្បាតដោយ ជំងឺផ្លូវដង្ហើមដ៏កាចសាហាវកូវីដ១៩ (Covid-19)។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា សាច់សត្វព្រៃអាចមានមេរោគ ហើយការបរិភោគគ្មានការត្រួតពិនិត្យត្រឹមត្រូវ អាចធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព ខណៈតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ការបរិភោគសាច់សត្វព្រៃមិនមានប្រយោជន៍សម្រាប់សុខភាព និងអាចប្រឈមនឹងជំងឺឆ្លងផ្សេងៗ ក៏ដូចជាចម្លងមេរោគផងដែរ។ ឯកឧត្តម បន្តថា ក្រោយពីការផ្ទុះជំងឺកូវីដ ១៩ ប្រទេសចិនបានអំពាវនាវដល់ប្រជាពលរដ្ឋ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសត្វព្រៃ
ថ្លែងក្នុងឱកាសពិភពលោកទាំងមូលប្រារព្ធទិវាសត្វព្រៃពិភពលោក នៅថ្ងៃទី៣ ខែមីនានេះ ឯកឧត្តម បានអះអាងថា កម្ពុជា បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជា ក៏បានសហការក្នុងនាមជាដៃគូអន្តរជាតិ ក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ដែរនៅលើពិភពលោក។ ឯកឧត្តម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា និងអភិរក្សជីវៈចម្រុះ ជីវិតសត្វ និងរុក្ខជាតិតូចធំនៅក្នុងតំបន់ការពារធម្មជាតិ ឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
សូមបញ្ជាក់ថា អង្គការ WWF ទាំងអស់ដែលមានទីស្នាក់ការនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅថ្ងៃទី៣ ខែមីនានេះ ក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះសេចក្តីសម្រេចចិត្តរបស់គណកម្មាធិការអចិន្រ្តៃយ៍សភាប្រជាជាតិចិន ដែលជាអង្គនីតិបញ្ញត្តិកំពូលរបស់ចិន ក្នុងការហាមឃាត់ការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃគ្មានការអនុញ្ញាត។
អង្គការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិមួយនេះ ក៏បានអំពាវនាវដល់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីបូពា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យយកគំរូតាមប្រទេសចិន ដើម្បីគាំពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈការផ្ទុះឡើង និងការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ក៏ដូចជាវីរុស ហ្សារស៍ (SARS) មើស៍ (MERS) និងការផ្ទុះឡើងនៃវីរុសផ្សេងៗទៀតនៅក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ បានបង្ហាញពីគ្រោះថ្នាក់ទៅលើសុខភាពមនុស្សដែលបណ្តាលមកពីការបរិភោគសាច់សត្វព្រៃ និងការជួញដូរសត្វព្រៃ។
លោក អេ គ្រីស្ទី វីលៀមស៍ (A. Christy Williams) នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការ WWF អន្តរជាតិ មានប្រសាសន៍ថា «ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវពិនិត្យមើលករណីនៅប្រទេសចិន ហើយយកគំរូតាម ដោយដាក់ចេញការហាមឃាត់នូវរាល់ការលក់ដូរសាច់សត្វព្រៃ ដើម្បីការពារសុខមាលភាពនៃប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងបង្ការភាពខូចខាតដល់សេដ្ឋកិច្ចរបស់ខ្លួន ដូចអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នស្រាប់ដោយសារតែវីរុស កូវីដ-១៩»៕