រដ្ឋបាលខេត្តបាត់ដំបងប្រកាសដំណឹងដល់ភ្ញៀវជាតិនិងអន្តរជាតិពីការផ្ដល់ទីតាំងបោះតង់ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី 6 នៅខេត្តបាត់ដំបង

វិទ្យុជាតិកម្ពុជា:ស្រីផល
Mc: រដ្ឋបាលខេត្តបាត់ដំបង ប្រកាសដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីការផ្ដល់ទីតាំងបោះតង់ក្នុងព្រឹត្តិការណ៍ការបុណ្យទន្លេលើកទី 6 នៅក្នុងខេត្តបាត់ដំបង ដែលនិងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០ខាងមុខនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ រួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តបាត់ដំបង គណកម្មាធិការជាតិអូឡាំពិចកម្ពុជា សភាពាណិជ្ជកម្មខេត្តបាត់ដំបង ក្រសួងស្ថាប័ន-ពាក់ព័ន្ធនឹងផ្នែកឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី 6 នៅខេត្តបាត់ដំបងក្រោមប្រធានបទ ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព ដែលនឹងប្រព្រឹត្តត្រូវចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០២០ ក្នុងគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ខេត្តនានា ដែលជាប់នៅតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្ដាលខេត្ត ឲ្យចូលរួមយ៉ាងសកម្មក្នុងការងារអភិវឌ្ឍន៍ទេសចរណ៍ សហគមន៍ ។
ប្រភពដដែលបានបន្តទៀតថា ដើម្បីផ្ដល់ភាពងាយស្រួល ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងមកកម្សាន្តក្នុងឱកាសពិធីបុណ្យទន្លេលើកទី 6 ខាងមុខនេះ រដ្ឋបាលខេត្តបាត់ដំបង បានសម្របសម្រួលរៀបចំទីតាំងផ្ដល់ជូនភ្ញៀវ សម្រាប់បោះតង់សម្រាក នៅបរិវេណវាលបែកចាន និងតាមបណ្ដាមន្ទីរអង្គភាពនានាក្នុងក្រុងបាត់ដំបង៕