អាជ្ញាធរខេត្តត្បូងឃ្មុំ ណែនាំដល់ប្រជាកសិករឲ្យបង្កើនការដំាដុះបន្លែសិរីរាង្គ

វិទ្យុជាតិកម្ពុជា៖ ស៊ឹង សុផារី
Mc ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ ណែនាំដល់ប្រជាកសិករ ឲ្យបង្កើនការដំាដុះបន្លែសិរីរាង្គ ដើម្បី ងាយស្រួលរកទីផ្សារ និងបង្កើនប្រាក់ចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់គ្រួសារ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឲ្យវិទ្យុជាតិកម្ពុជាឲ្យដឹងថា មន្ទីរបានណែនាំ ប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរការដាំបន្លែដោយប្រើប្រាស់ថ្នាំគីមី មកជាការដាំបន្លែសិរីរាង្គនិងបន្លែសុវត្ថិភាពវិញ ដើម្បីសុខភាពខ្លួនឯង និងអ្នកប្រើប្រាស់។លោក បន្តថា មន្ទីរ តែងតែងចាត់ចែងឲ្យមន្ត្រីជំនាញចុះផ្ដល់បច្ចេកទេស បង្ហាត់បង្រៀន ណែនាំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីធម្មជាតិ បង្ហាញពីផលប៉ះពាល់ពីការប្រើប្រាស់សារធាតុគីមីទៅលើបន្លែ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ក៏ដូចជាផ្តល់ការប្រឹក្សាយោបល់ មុននឹងប្រជាកសិករចាប់ផ្តើមដាំ ថាតើគួរដាំដុះបន្លែប្រភេទណា ដែលនៅពេលប្រមូលផល មិនច្រើនលើសតំរូវការ ជាពិសេសមិនឲ្យឈ្មួលបន្ទាបតម្លៃបានជាដើម ។
លោកបានបន្ថែមថា បច្ចុប្បន្នប្រជាកសិករ លែងមានក្តីបារម្ភដូចពីមុន ទៅលើបញ្ហាទីផ្សារទៀតហើយ ព្រោះ ដំណាំដែលបានប្រមូលផល គឺឈ្មួញមកចាំទទួលទិញដល់ទីកន្លែង ហើយទទួលបានតម្លៃសមរម្យ ទៀតផង។
លោកបានបញ្ជាក់ថា ក្នុងរដូវប្រាំងនេះ ប្រជាកសិករទូទាំងខេត្តត្បូងឃ្មុំ បានដាំបន្លែលើផ្ទៃដីប្រមាណជាង ១០០០ហិកតា ភាគច្រើនដាំនៅតាមតំបន់ជួរមាត់ទន្លេ ដែលមានផ្ទៃដីធំ និងមានជីវជាតិច្រើន មានប្រភេទបន្លែ ដូចជា ប៉េងប៉ោះ ខ្ទឹម ត្រប់ ននោង ត្រឡាច ត្រសក់ ម្ទេស ស្ពៃ សណ្តែកគួរ ត្រសក់ស្រូវ ល្ពៅ -ល- ។
សំឡេង ៖ រាល់ថ្ងៃនេះប្រជាកសិករកំពុងតែដាំដំណាំប្រភេទរដូវប្រាំង ដែលមានភាគច្រើននៅតាមមាត់ទន្លេមានប្រភេទជាបន្លែស្លឹក ភាគច្រើននៅតាមស្រុកក្រូចឆ្មារ ស្រុកពញ្ញាក្រែក ស្រុកអូររាំងឪ ស្រុកសួង ដែលជាតំបន់លិចទឹក មានផ្ទៃដីធំ ងាយស្រួលក្នុងការដាំបន្លែ ហើយការលូតលាស់ឆ្នាំនេះមានការល្អប្រសើរ ។ ហើយសូមឲ្យប្រជាពលរដ្ឋទាំងអស់ សូមធ្វើការប្រើប្រាស់ថ្នាំពុលកសិកម្មឬជីកសិកម្មនេះ ឲ្យត្រឹមត្រូវតាមបច្ចេកទេស ធ្វើយ៉ាងណាឲ្យផលិតផលរបស់យើងមានសុវត្ថិភាព មិនមែនធ្វើដើម្បីតែលក់មួយមុខទេ គឺធ្វើដើម្បីលក់ហើយយើងបានធ្វើឱ្យអ្នកហូបទាំងនោះ មានសុខភាពល្អផងដែរ ។
លោកប្រធាន បានអំពាវនាវដល់ប្រជាកសិករឲ្យចងក្រងជាក្រុមឬសហគមន៍ ដើម្បីផលិតបន្លែសុវត្ថិភាព ដោយការចងក្រងនេះ ងាយស្រួលក្នុងការរកទីផ្សារ ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យប្រជាកសិករត្រូវបង្កើនការដាំដុះដោយមិនតម្រូវឱ្យប្រើប្រាស់សារធាតុគីមី ឡើយ ដើម្បីបំពេញត្រូវការក្នុងស្រុក ខណៈដែលបច្ចុប្បន្ននេះប្រទេសកម្ពុជា បាននាំចូលបន្លែពីប្រទេសថៃ និងវៀតណាម រាប់រយតោនក្នុងមួយថ្ងៃៗ ៕