ក្រសួងពាណិជ្ជកម្មចាប់ផ្តើមទទួលពាក្យចុះឈ្មោះថ្មីនិងផ្តល់ប័ណ្ណសម្គាល់អ្នកតំណាងស្របច្បាប់ការស្នើសុំឯកសារនាំចេញ-នាំចូល

វិទ្យុជាតិកម្ពុជា ៖ ទៀក លឹមជូ

MC : ក្រសួងពាណិជ្ជកម្មចាប់ផ្តើមទទួលពាក្យចុះឈ្មោះជាថ្មី និងផ្តល់ប័ណ្ណសម្គាល់សម្រាប់អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ដល់អ្នកតំណាងដែលបានប្រលងជាប់ជាស្ថាពរ នៅនាយកដ្ឋាននាំចេញ-នាំចូល នៃទីស្តីការក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០៩ ខែមីនា រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

តាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណង គ្រប់គ្រង ពង្រឹងសមត្ថភាពអ្នកតំណាងស្របច្បាប់របស់សហគ្រាស-ក្រុមហ៊ុន និងដើម្បីគាំទ្រដល់ការផ្តល់សេវានាំចេញ-នាំចូលរបស់ក្រសួងពាណិជ្ជកម្ម ឲ្យកាន់តែល្អប្រសើរ ។

ប្រភពដដែល បានបន្តថា ចំពោះសាធារណៈជនដែលមានបំណងចង់ក្លាយជាអ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល អាចទាញយកពាក្យស្នើសុំចុះឈ្មោះ និងឯកសារភ្ជាប់ផ្សេងៗ តាមរយៈវេបសាយ www.co.moc.gov.kh ។

សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្មតម្រូវឲ្យអ្នកតំណាងស្របច្បាប់ ដែលមកស្នើសុំឯកសារនាំចេញ-នាំចូល នៅនាយកដ្ឋាននាំចេញ-នាំចូលនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម ត្រូវមានប័ណ្ណសម្គាល់អ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ តទៅ ៕