ក្រសួងសុខាភិបាល ចេញវិធានការឆ្លើយតបការកាពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីត19 និងជំងឺផ្សេងៗ

វិទ្យុជាតិកម្ពុជា៖ ស្រីផល

MC៖ក្រសួងសុខាភិបាល ចេញវិធានការឆ្លើយតបការកាពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូវីត19 និងជំងឺផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រទេសជិតខាងមានអ្នកផ្ទុក និងស្លាប់កើនឡើងជាបន្តបន្ទាប់។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់តាំងពីមានការប្រកាសករណីវិជ្ជមានវីរុសកូវីត១៩ជាលើកដំបូង នៅទីក្រុងវូហាន ខេត្តហូបេ នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចាត់ចែងជាបន្ទាន់នូវការដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ , អាកាសយានដ្ឋានអន្តរជាតិសៀមរាប , និងអាកាសយានដ្ឋានខេត្តព្រះសីហនុ ហើយក៏បានពង្រាយក្រុមការងារចត្តាឡីស័ក ឲ្យនៅប្រចាំការនៅតាមទីតាំងនេះផងដែរ។ ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានអនុវត្តនូវវិធានការចាំបាច់ និងកំពុងបង្កើនពង្រឹងសកម្មភាព នៅទូទាំងប្រទេសដោយ ពង្រឹងប្រព័ន្ធតាមដានដែលមានស្រាប់ នៅតាមគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពលើជំងឺរលាកសួតស្រួចស្រាវ ជំងឺរលាកសួតធ្ងន់ធ្ងរ ជំងឺគ្រុនក្តៅ និងជំងឺផ្តាសាយ។ ជាមួយគ្នានេះក្រសួងបានពង្រាយនៅក្រុមឆ្លើយតបបន្ទាន់ ប្រហែលជា២០០០នាក់ ដើម្បីតាមដាននិងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតបភ្លាមៗក្នុងករណី បើមានការឆ្លងជំងឺកូវីត១៩ ឬជម្ងឺឆ្លងណាមួយ ដែលអាចកើតមានឡើង នៅក្នុងប្រទេសជាយថាហេតុ, ពង្រឹងតាមដាននិងរាយការណ៍ទាន់ហេតុការណ៍ 115 ដោយប្រចាំការ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍។ក្រសួងសុខាភិបាល បានត្រៀមរៀបចំមន្ទីរពិសោធន៍បង្អែកជាតិ នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បន្ថែមលើវិជ្ជាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីស្រាវជ្រាវនិងធ្វើតេស្តរកវីរុសកូវីត១៩ សំរាប់ធ្វើវិភាគសំណាក, បានអភិវឌ្ឍ និងផលិតសំភារៈអប់រំសុខភាពមាន៣ភាសាគឺ ភាសាខ្មែរ អង់គ្លេស និងភាសាចិន សម្រាប់ផ្សព្វផ្សាយជាសាធារណៈនៅថ្នាក់កណ្ដាល និងថ្នាក់ក្រោមជាតិ នៅតាមមន្ទីរពេទ្យនៅតាមច្រកចេញចូលអន្តរជាតិ ក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការកូវីត១៩។ក្រសួង ក៏បានបង្កើតក្រុមការងារ ឆ្លើយតបការចម្លងវីរុសកូវីត១៩ ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានសមាជិកមកពីផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំធ្វើផែនការសម្របសម្រួល ដឹកនាំចាត់ចែង ឆ្លើយតបនូវវិធានការ ការពារការចម្លងវីរុសកូវីត១៩, បានបន្តធ្វើការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល ក្រុមគ្រូពេទ្យផ្នែកពាក់ព័ន្ធនានា និងអ្នកសារព័ត៌មាន ដើម្បីបង្កើនចំណេះដឹង និងចូលរួមការពារការចម្លងជម្ងឺវីរុសកូវីត១៩ទាំងអស់គ្នា។ ក្រសួងសុខាភិបាល តាមរយៈសាកលវិទ្យាល័យសុខាភិបាលវិទ្យាសាស្រ្តសុខាភិបាល កំពុងធ្វើការស្រាវជ្រាវបទពិសោធន៍ ពីសាធារណរដ្ឋប្រជាមានិតចិន និងបណ្ដាប្រទេសផ្សេងៗលើសកលលោក លើជំងឺកូវីត១៩ សម្រាប់ជាទុនបន្ថែម ក្នុងការត្រៀមនិងប្រតិបត្តិការឆ្លើយតប ការពារ ពិនិត្យ និងព្យាបាលជំងឺកូវីត១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា៕