កូរ៉េខាងត្បូងរកឃើញចំនួនអ្នកឆ្លង COVID-19 ៣០០ នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
កូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃអង្គារនេះថា បានរកឃើញអ្នកឆ្លងថ្មីនៃមេរោគ COVID-19 ៣០០នាក់បន្ថែមទៀត នាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ៤,៨១២នាក់ នៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ ២០២០។
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បានឲ្យដឹងទៀតថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ ភាគច្រើននៅក្រុងដេហ្គូ(Daegu) ស្ថិតនៅភាគអាគ្នេយ៍ ដែលជាកន្លែងផ្ទុះជំងឺនេះ និងនៅខេត្តគ្យុងសាងខាងជើង។អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានរាយការណ៍ទៀតថា ចំនួនអ្នកឆ្លង COVID-19 នៅពេលនេះកើនដល់៤,៨១២នាក់ ខណៈចំនួនអ្នកដែលបានបាត់បង់ជីវិតកើនឡើងរហូតដល់ ៣៤នាក់។
សូមបញ្ជាក់ថា កូរ៉េខាងត្បួងជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី ១២ លើពិភពលោក ប៉ុន្តែធនាគារកណ្តាលរបស់ប្រទេសនេះបានព្រមានថា ការរីករាលដាលនៃជំងឺ COVID-19 ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចកូរ៉េខាងត្បួងក្នុងរយៈពេលត្រីមាសទី១នេះ៕
ប្រភព៖ សារព័ត៌មាន Channel News Asia