ប្រមុខការទូតកម្ពុជា លើកឡើងថា ស្ដ្រីជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ
MC៖ ប្រមុខការទូតកម្ពុជា លើកឡើងថា ស្ដ្រីជាចលករដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិដែលមិនអាចខ្វះបាន ស្របតាមទិសស្លោកថា សំណាបយោងដី ស្រីយោងប្រុស។

ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី ១០៩ នៃទិវានារីអន្ដរជាតិ ៨ មីនា ឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែមីនានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានលើកឡើងថា បុព្វបុរសខ្មែតាំងពីរសម័យអាណាចក្រនគរ បានឲ្យតម្លៃទៅលើស្ដ្រីខ្មែរជាអ្នកផ្តល់ពន្លឺសុភមង្គលសម្រាប់គ្រួសារ ដូចពាក្យចាស់លោកពោលថា «សំណាបយោងដី ស្រីយោងប្រុស » ។ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា បច្ចុប្បន្នកាលើកកម្ពស់សមភាពយេនឌ័រគឺជាអាទិភាពមួយនៃគោលនយោបាយអភិវឌ្ឍន៍ជាតិកម្ពុជា ប៉ុន្ដែកិច្ចការនេះមិនអាចសម្រេចលទ្ធផលល្អបានឡើយ នៅក្នុងបរិបទដែលប្រទេសមាន សង្គ្រាម អសន្ដិសុខ និងអស្ថិភាពនយោបាយ ។
ឯកឧត្តម បន្ថែមទៀតថា វឌ្ឍនភាពសេដ្ឋកិច្ចដ៏ឆាប់រហ័យ ក្រោយពីកម្ពុជាទទួលបានសន្ដិភាពពេញលេញ បានផ្តល់ឱកាសការងារដល់ស្ដ្រីខ្មែរស្ទើរគ្រប់រូប ដែលឲ្យពួកគេកាន់តែមានទំនុកចិត្តលើខ្លួនឯង មានសមត្ថភាពទ្រទ្រង់ជីវភាពគ្រួសារ ហើយថែមទាំងមានលទ្ធភាពកាន់តែច្រើនចូលរួមក្នុងការសម្រេចចិត្តទាំងក្នុងរង្វង់គ្រួសារ និងក្នុងសង្គម។
សំឡេង៖ «រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃប្រទេសជាតិ ស្ត្រីបានចូលរួមចំណែកយ៉ាងសកម្ម និងយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាពនិងជំរុញល្បឿននៃការអភិវឌ្ឍប្រទេស ក្នុងចំណោមស្ត្រីពេញវ័យនៅកម្ពុជាមានចំនួន ៧៩ ភាគរយ បានចូលរួមក្នុងកម្លាំងពលកម្មបម្រើការងារតាមស្ថាប័នរដ្ឋ និងគ្រឹះស្ថានឯកជន ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់ពេលនេះ កម្ពុជាបានចញ្ជូនកម្លាំងចូលរួមបេសកកម្មថែរក្សាសន្ដិភាព អ.ស.ប សរុប ៦៥៥៦នាក់ ក្នុងនោះមានស្ដ្រី ៣៣៨នាក់។ ជាមោទនភាពសម្រាប់យើងក្នុងតំបន់អាស៊ាន កម្ពុជាឈរលេខរៀងទី៣ នៃប្រទេសដែលបានបញ្ជូនកម្លាំងមួកខៀវចូលរួមក្នុងបេសកកម្មថែរក្សាសន្ដិភាពរបស់ អ.ស.ប និងស្ថិតក្នុងលេខរៀងទី ២ នៃប្រទេសដែលបានបញ្ជូនកងកម្លាំងជានារី»។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងកិច្ចការនារី ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ដ្រី ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចល្អ អភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចជាតិ ក្រោមវចនា «ជួយស្ដ្រីគឺជួយខ្លួនឯង»។
សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងចំណោមមន្ដ្រីក្រសួងការបរទេសចំនួន ៧២៧នាក់ មានមន្ដ្រីរាជការជាស្ដ្រីចំនួន ២៦១នាក់ ស្មើនឹង ៥៣%៕