សម្តេចតេជោ ហ៊ុនសែន អញ្ជើញប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

វិទ្យុជាតិកម្ពុជា៖ លោកជៀង យ៉ារ៉េត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធទិវាវប្ប ធម៌ជាតិ ៣មីនា លើកទី២២ ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌»។
ការប្រារព្ធទិវាវប្បធម៌ជាតិ៣មីនាដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ក៏មានរៀបចំពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសលើកទី៦ និងការពិសាអាហារសាមគ្គីជាមួយសិល្បករ សិល្បការិនីផងដែរ។
«វប្បធម៌» ជាមែកធាងមួយនៃអរិយធម៌ ដែលទាក់ទងនឹងការបណ្តុះបណ្តាលចំណេះវិជ្ជាប្រាជ្ញាសារតី ទំនៀមទម្លាប់ សីល្បៈ វិទ្យាសាស្ត្រ អក្សរ សាស្ត្រ… ឱ្យបានលូតលាស់រីកចម្រើន។ ដោយ ឡែកគណៈកម្មការវប្បធម៌ និងវិចិត្រសិល្បៈ បាន ឱ្យនិយមន័យវប្បធម៌ថា ជាការបណ្តុះចំណេះវិជ្ជា, ប្រាជ្ញា, សារតី និងរបៀបរស់នៅរបស់មនុស្សឱ្យបានលូតលាស់ចម្រើន ដើម្បីសម្របសម្រួលទៅនឹងបរិស្ថាន និងការអភិវឌ្ឍសង្គមដោយវិទ្យាសា ស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម។
«វប្បធម៌» ត្រូវបានបុព្វបុរសខ្មែរផ្តល់តម្លៃខ្ពស់បំផុត និងចាត់ជាធាតុដ៏សំខាន់សម្រាប់សង្គម ជាតិ រហូតបានតាក់តែងជាពាក្យមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ» ថែមទៀតផង។ ដោយយល់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់តិ៍រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយ ទៅប្រទេសមួយ ដែលជាមធ្យោ បាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាព សម្រាប់ប្រជាជាតិទាំងមូលស្របតាមទិស ស្លោក «កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌» ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ៣មីនា រៀងរាល់ឆ្នាំ។
ទិវាវប្បធម៌ជាតិ៣មីនា ត្រូវបានចាត់ទុកជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប ដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀបទម្លាប់ ប្រពៃណីជាតិ ពីសំណាក់ប្រជាពលរដ្ឋ។ ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន មានកាតព្វកិច្ចចូលរួមថែរក្សាការពារនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៅកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។
សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ និងខេម របុត្រមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការថែរក្សា និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានអញ្ជើញចូលរួមក្នុងទិវាវប្បធម៌ជាតិ៣មីនាជារៀងរាល់ឆ្នាំ។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ការប្រារព្ធទិវាវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាត ព្វកិច្ចថែរក្សាការពារ ឱ្យសិ្ថតស្ថេរគង់វង្សនូវសម្ប ត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជាតិ នៅកម្ពុជា សំដៅរក្សាឱ្យបាននូវឯកភាព ជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។
ដោយមើលឃើញថា ក្រុមយុវវ័យជាចលករដ៏សំខាន់ក្នុងការថែរក្សា និងលើកកម្ពស់ចំពោះវប្ប ធម៌ជាតិនេះ សម្តេចតេជោ ហ៊ុន សែន បានកំណ ត់ឱ្យប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ជារៀងរាល់ឆ្នាំ៕