សមាជិកក្រុមប្រឹក្សាយោបល់ដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានទទួលមរណភាពដោយសារកូរ៉ូណាវីរុស

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ — កាលពីថ្ងៃចន្ទ យោងតាមទីភ្នាក់ងារព័ត៌មាន Tasnim បានឱ្យដឹងថា លោក Seyed Mohammad Mir-Mohammadi សមាជិកនៃក្រុមប្រឹក្សាភាពវៃឆ្លាតនៃសាធារណរដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ង់បានទទួលមរណភាពហើយ ដោយសារមេរោគកូរ៉ូណាវីរុស ដែលបានផ្ទុះឡើងនៅទីក្រុងវូហាន ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាជំងឺ COVID-19។

មរណភាពរបស់លោក បានកើតឡើងនៅពេលដែលមន្ត្រីអ៊ីរ៉ង់ជាន់ខ្ពស់ដទៃទៀតក៏បានឆ្លងវីរុសនេះដែរ ហើយប្រទេសអ៊ីរ៉ង់ពេល​នេះមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន។ លោក Seyed Mohammad Mir-Mohammadi មានអាយុ ៧១ឆ្នាំ។

ប្រទេសអ៊ីរ៉ង់ រួមជាមួយប្រទេសអ៊ីតាលីថ្មីៗនេះបានក្លាយជាប្រទេសដែលមានការឆ្លងមេរោគកូរ៉ូណា វីរុសខ្លាំងជាងគេបន្ទាប់ពី​ប្រទេសចិន។ ចំនួនមនុស្សឆ្លងវីរុស COVID-19 នៅសាធារណរដ្ឋអ៊ិស្លាមនេះមានប្រមាណជិត ៦០០នាក់។ ដោយក្នុងនោះមាន ៤០នាក់​បានស្លាប់ដោយសារមេរោគកូរ៉ូណាវីរុសនេះនៅក្នុងប្រទេសអ៊ីរ៉ង់។

មេរោគឆ្លងកូរ៉ូណាវីរុសនេះត្រូវបានគេរកឃើញដំបូងគេនៅក្នុងប្រទេសចិននៅចុងខែធ្នូ ឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះ​មក វាបានរីករាលដាលដល់ជាង ៥០ប្រទេស ដែលជំរុញឱ្យអង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នផ្នែកសុខភាពនៅទូទាំង​សកលលោក។ រហូតមកដល់ពេលនេះ វីរុសនេះបានឆ្លងដល់មនុស្សជាង ៧៩.០០០នាក់នៅក្នុងប្រទេសចិនដីគោក ខណៈដែលមនុស្ស​ជាង ២.៨០០នាក់បានស្លាប់ និងប្រមាណជិត ៤០.០០០នាក់បានជាសះស្បើយឡើងវិញ។ យោងតាមទិន្នន័យចុងក្រោយរបស់ អង្គការសុខភាពពិភពលោកបានឱ្យដឹងថា ចំនួនអ្នកឆ្លងនៅខាងក្រៅប្រទេសចិនបានកើនឡើងដល់ ៤.៦៩១នាក់ ខណៈដែល​មនុស្សចំនួន ៦៧នាក់បានស្លាប់៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)