មនុស្ស ២នាក់ធ្វើតេស្តមេរោគកូរ៉ូណាវីរុសវិជ្ជមាននៅក្នុងប្រទេសឥណ្ឌា នឹង ២៣នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេត

AKP ភ្នំពេញ ថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ — ប្រទេសឥណ្ឌាកំពុងប្រយ័ត្នប្រយែងដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូរ៉ូណាវីរុស ដែលត្រូវបានគេនិយាយថា មានដើមកំណើតមកពីទីក្រុងវូហាន ប្រទេសចិន។ រហូតមកដល់ពេលនេះ ទីក្រុងញូវដែលី បានជម្លៀស​ប្រជាជនឥណ្ឌា និងជនជាតិបរទេសចំនួន ៨៨៣នាក់ចេញពីប្រទេសចិន ក៏ដូចជាពីនាវាទេសចរណ៍ដ៏ប្រណីតឈ្មោះ Diamond Princess នៅប្រទេសជប៉ុនផងដែរ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បានបញ្ជាក់អំពីករណីថ្មីពីនៃការឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុង​ប្រទេសនេះកាលពីថ្ងៃចន្ទ ដោយធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៥នាក់ហើយ។

ក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបាននិយាយថា មនុស្សម្នាក់មកពីទីក្រុងដែលី មានប្រវត្តិធ្វើដំណើរទៅប្រទេសអ៊ីតាលី ខណៈដែលម្នាក់ទៀតមានប្រវត្តិធ្វើដំណើរទៅទីក្រុងឌូបៃ។ កន្លងមក មានករណីឆ្លងវីរុសនេះចំនួន ៣នាក់ ត្រូវបានបញ្ជាក់ដោយ​រដ្ឋ Kerala កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២០។

យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Vardhan បានឱ្យដឹងថា មនុស្សទាំង ៣នាក់នោះឥឡូវបានជាសះស្បើយហើយ។

លោក Vardhan បាននិយាយថា «ករណីទាំងនេះបានកើតឡើងនៅពេលដែលការធ្វើតេស្តបន្ថែមត្រូវបានធ្វើឡើងដោយផ្អែកលើ​ការប្រកាសដោយខ្លួនឯងដោយអ្នកដែលរងផលប៉ះពាល់។ ពួកគេត្រូវបានគេប្តូរទៅមន្ទីរពេទ្យរដ្ឋ។ យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលអាច​ធ្វើទៅបានដើម្បីតាមដានករណីដែលទាក់ទងនឹងអ្នកជំងឺទាំងនោះ»។

និយាយអំពីការត្រៀមរៀបចំ ខណៈដែលករណីឆ្លងមេរោគកូរ៉ូណាវីរុស កំពុងមានការកើនឡើង លោករដ្ឋមន្រ្តីសហព័ន្ធបាន​និយាយថា ការត្រួតពិនិត្យជាសកលនៃអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសចិន សិង្ហបុរី ជប៉ុន ហុងកុង កូរ៉េខាងត្បូង វៀតណាម អ៊ីតាលី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី កំពុងត្រូវបានធ្វើឡើងនៅតាមបណ្តាអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រនានា។ ការតាមដាននេះក៏ត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានឥណ្ឌាចំនួន ២១កន្លែង កំពង់ផែសមុទ្រធំៗចំនួន ១២ និងកំពង់ផែសមុទ្រតូចៗចំនួន ៦៥ ផងដែរ។

លោករដ្ឋមន្ត្រីរូបនេះបាននិយាយបន្ថែមថា «អ្នកដំណើរសរុបចំនួន ៥៥៧.៤៣១នាក់ [ជាងកន្លះលាននាក់] ត្រូវបានដាក់តាម​ដាននៅអាកាសយានដ្ឋាន ហើយមនុស្សចំនួន ១២.៤៣១នាក់ត្រូវបានតាមដាននៅឯកំពង់ផែសមុទ្រធំ និងតូច»។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលឥណ្ឌាក៏កំពុងធ្វើការពិនិត្យរកមេរោគនៅក្នុងរដ្ឋឥណ្ឌាដែលមានព្រំដែនជាប់នេប៉ាល់ផងដែរ។ នៅក្នុងរដ្ឋដូចជា រដ្ឋ Uttar Pradesh រដ្ឋ Uttarakhand Bihar និងរដ្ឋ West Bengal ដែលនៅក្នុងនោះ ប្រជាជនចំនួន ១.០២៤.៩២២នាក់ (ជាង ១លាននាក់) ត្រូវបានគេពិនិត្យតាមដាន។ ក្រសួងសុខាភិបាលបាននិយាយថា សំណាកចំនួន ៣.២១៧ បានធ្វើតេស្តអវិជ្ជមាន ខណៈដែលមនុស្សចំនួន ២៣នាក់ផ្សេងទៀតកំពុងធ្វើតេស្ត និងរង់ចាំលទ្ធផល៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)