អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា មគ្គុទ្ទេសក៍មួយចំនួននៅតែមិនអនុវត្តតាមសេចក្តីណែនាំ អំពីការបិទចរាចរណ៍ឡើងចុះវង់ទស្សនាជាន់ទីបី(ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា
MC៖ អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា មគ្គុទ្ទេសក៍មួយចំនួននៅតែមិនអនុវត្តតាមសេចក្តីណែនាំ អំពីការបិទចរាចរណ៍ឡើងចុះ វង់ទស្សនាជាន់ទីបី(ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន ដោយនៅតែឲ្យភ្ញៀវទេសចរឡើងចុះដែលអាចបង្ករឲ្យមានគ្រោះថា្នក់ជាយថាហេតុដល់ភ្ញៀវទេសចរ និងប៉ះពាល់ដល់ក្រុមជំនាញក្នុងពេលបំពេញការងារជួសជុលទៀតផង ។
យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីជូនដំណឹងស្តីពី ការបិទចរាចរណ៍ឡើង-ចុះ វង់ទស្សនាជាន់ទីបី (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ដោយសារស្ថានភាពសិករិចរិលខ្លាំង ប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរ ដែលបង្កឡើងដោយកត្តាអាយុកាល និងកត្តាផ្សេងៗជាច្រើនទៀត ដើម្បីទុកពេលវេលាឱ្យក្រុមការងារជំនាញធ្វើការអភិរក្ស ជួសជុលលើផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ទាំងនោះ ។
ប្រភពដដែលបានបន្តថា ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា បានរៀបចំវង់ទស្សនាថ្មី ដើម្បីសម្រួលដល់ការទស្សនារបស់ភ្ញៀវជាតិ-អន្តរជាតិ ហើយរយៈពេលជាងមួយខែកន្លងមក អាជ្ញាធរជាតិអប្សរាសង្កេតឃើញថាមគ្គុទ្ទេសក៍ទេសចរណ៍ភាគច្រើនបានចូលរួមសហការអនុវត្តតាមសេចក្តីណែនាំប្រកបដោយភាពរលូន ។

ប្រភពដដែលបានបញ្ជាក់ថាមគ្គុទ្ទេសក៍មួយចំនួននៅតែមិនអនុវត្តតាមសេចក្តីណែនាំ ដោយប្រព្រឹត្តសកម្មភាពមិនសមរម្យ និងមិនព្រមណែនាំភ្ញៀវទេសចរឱ្យគោរពតាមសេចក្តីជូនដំណឹងនេះនៅឡើយ ជាហេតុបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរដែលកំពុងទស្សនានិងបង្កផលលំបាកសម្រាប់អ្នកជំនាញក្នុងពេលបំពេញការងារ ។ដូច្នេះសូមប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់មេត្តាជ្រាប និងចូលរួមសហការតាមការគួរ ៕