អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃបានឃាត់នាវាMT-COURAGEOUS១គ្រឿង

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
MC ៖ អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានឃាត់នាវា MT-COURAGEOUS ១គ្រឿង ដែលបានបោះយុថ្កាបំពានដែនសមុទ្រកម្ពុជា ដោយបញ្ជូនទៅព្រះរាជអាជ្ញាអមតុលាការខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីនិងចាត់ការតាមផ្លូវច្បាប់ ។
តាមសេចក្តីប្រកាសព័ត៍មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នាវាត្រូវបានឃាត់មានឈ្មោះ MT-COURAGEOUS សញ្ជាតិ CAMEROON មាននាវឹក ១៦នាក់ និងបានទទួលបញ្ជាឲ្យចេញពីកំពង់ផែ KAO HSIUNG នៃកោះតៃវ៉ាន់ កាលពី ១៥ ខែកុម្ភៈឆ្នាំ២០២០ លុះដល់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០២០ នាវានេះបានបោះយុថ្កាបំពាន នៅចំណុចនិយាមការ នៅចន្លោះកោះតាងនិងកោះប៉ូឡូវៃ ដើម្បីរងចាំបទបញ្ជាជាថ្មីពីថៅកែ ។
ប្រភពបានបន្តថា តាមព័ត៌មាននិងឯកសារ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាវានេះ ធ្លាប់ធ្វើសកម្មភាពបំពាន ទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (សេចក្តីសម្រេចលេខ 2375 និង2397 អនុម័ត នាខែកញ្ញា ឆ្នាំ២០១៧) ក្នុងការដាក់ទណ្ឌកម្មលើសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលហាមឃាត់ការផ្ទេរពីនាវាទៅនាវា (SHIP-TO-SHIP / STS) ទៅទូកដឹកទំនិញរបស់សាធាណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) ៕