ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០ភាគរយហើយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ វ៉ាង ភក្តី

MC: ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន២០ភាគរយហើយ ខណៈតាមគម្រោងនឹងសាងសង់រួចរាល់ជាស្ថាពរនៅឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កំពុងពន្លឿនការអភិវឌ្ឍ និងរកដំណោះស្រាយនូវរាល់បញ្ហានានាដែលជួបប្រទះក្នុងអំឡុងពេលកំពុងសាងសង់។
ថ្លែងក្នុងដំណើរទស្សនកិច្ចពិនិត្យការសាងសង់ផ្លូវល្បឿនលឿននេះ កាលពីម្សិលមិញ ឯកឧត្ដម បានឲ្យដឹងថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ បានសហការគ្នាយ៉ាងរឹងមាំក្នុងការពន្លឿនការសាងសង់នេះ ជាក់ស្ដែងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសិក្សា និងដោះស្រាយផលប៉ះពាល់បាន៧០ភាគរយ និងគ្រោងបញ្ចប់ការដោះស្រាយផលប៉ះពាល់នេះនៅខែឧសភាខាងមុខនេះ។ ឯកឧត្តម មានប្រសាសន៍ថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់មុនគម្រោងកំណត់នៅខែកញ្ញា ឆ្នាំ២០២២ ដោយសារក្រុមហ៊ុនមានកម្លាំង និងសម្ភារគ្រប់គ្រាន់ និងរាជរដ្ឋាភិបាលបានដោះស្រាយផលប៉ះពាល់ឆាប់រហ័សជាងការរំពឹងទុក។
ផ្លូវល្បឿនលឿនដែលតភ្ជាប់រវាងតំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញ និងកំពង់ផែនអន្តរជាតិខេត្តព្រះសីហនុ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដោយទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។
គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយឆ្លងកាត់ទឹកដី រាជធានីភ្នំពេញ ប្រវែង៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩,១០គីឡូ ម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩ គីឡូម៉ែត្រ។
តាមគម្រោង ផ្លូវល្បឿនលឿននេះ មានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់១០សង់ទីម៉ែត្រ ដោយគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ អាចបើកបរក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
នៅលើកំណាត់ផ្លូវនេះ ក៏នឹងត្រូវសាងសង់លូគ្រប់ប្រភេទចំនួន២៦៣កន្លែង ស្ពានតូចចំនួន៥កន្លែងមានប្រវែងសរុប១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន៨០កន្លែងមានប្រវែងសរុប៦.០១៥ម៉ែត្រ។ ជាមួយគ្នានេះ ក៏មានការសាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន៧កន្លែង ផ្លូវប្រសព្វចំនួន២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿននេះចំនួន២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន២០កន្លែង ព្រមទាំងមានការសាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្តចំនួន១កន្លែង មណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវចំនួន៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន៩កន្លែង។
រាជរដ្ឋាភិបាល បានសម្រេចឲ្យមានការវិនិយោគ តាមរូបភាពសាងសង់-អាជីវកម្ម និងផ្ទេរ(BOT)ជំនួសវិញ ដើម្បីសម្រួលការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងផលិតផលកសិ-ឧស្សាហកម្ម របស់ក្រុមហ៊ុនវិនិយោគទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈកំពង់ផែសមុទ្រអន្តរជាតិទឹកជ្រៅរបស់កម្ពុជា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេស ដោយចំណាយពេលវេលាតិច និងឆាប់រហ័ស៕