ឥណ្ឌូនេស៊ីរកឃើញករណីឆ្លងដំបូងCOVID-19

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
រដ្ឋាភិបាលឥណ្ឌូនេស៊ីបានឱ្យដឹងថា ពលរដ្ឋឥណ្ឌូណេស៊ី២នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺ COVID-19 ដែលនេះជាករណីឆ្លងដំបូងបំផុត នៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ជាក់ថា អ្នកជំងឺ COVID-19 ទាំងពីរនាក់ខាងលើ គឺជាស្ត្រីម្នាក់មានអាយុ៦៤ឆ្នាំ និងកូនស្រីរបស់គាត់មានអាយុ៣១ឆ្នាំ ត្រូវបានពិនិត្យរកឃើញថាមានងផ្ទុកមេរោគនេះបន្ទាប់ពីមានទំនាក់ទំនង ជាមួយពលរដ្ឋជប៉ុនម្នាក់ ដែលធ្លាប់មកធ្វើទេសចរកម្សាន្តនៅឥណ្ឌូណេស៊ី ហើយបុរសជនជាតិជប៉ុននោះត្រូវបានគេពិនិត្យរកឃើញថាមានផ្ទុក COVID-19 នៅពេលដែលធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី។
សូមបញ្ជាក់ថា នៅពេលនេះស្ថានភាពអ្នកជំងឺទាំង២នាក់មិនទាន់មានចេញរោគសញ្ញាអ្វីធ្ងន់ធ្ងរនៅឡើយខណៈពេលនេះអាជ្ងាធរឥណ្ឌូនេស៊ីកំពុងស្វែងរកមនុស្សដទៃទៀតដែលធ្លាប់មានការទាក់ទងកន្លងមកជាមួយបុរសជនជាតិជប៉ុន ដែលមានផ្ទុក COVID-19នោះ៕ប្រភព៖សារព័ត៌មាន Channel News Asia