ក្រសួងសុខាភិបាល អះអាងថា មកដល់ថ្ងៃទី២មីនានេះកម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មី ឬcovid-19នោះទេ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ក្រសួងសុខាភិបាល បានអះអាងថា កម្ពុជាមិនទាន់មានករណីឆ្លងជំងឺកូរ៉ូណាថ្មីឬ covid -19នោះទេ ដើម្បីឆ្លើយតបទៅនឹងព័ត៌មាននៅលើបណ្ដាញសង្គមថាកម្ពុជាបានឆ្លងជំងឺកូរ៉ូណាថ្មីឬ covid -19។
ថ្លែងក្នុងសន្និសីទសារព័ត៌ ស្តីពីការឆ្លើយតប ការការពារ និងការត្រៀមអន្តរាគមន៍លើការចម្លងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅកម្ពុជា នារសៀល ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល មានប្រសាសន៍ថា មន្រ្ដីសុខាភិបាលបានតាមដាន និងពិនិត្យកំហាក រហូតមកទល់ពេលនេះ គឺមិនទាន់បានរកឃើញពលមានរដ្ឋកម្ពុជាណាម្នាក់ បានឆ្លងជំងឺកូរ៉ូណាថ្មី ឬ covid -19នៅឡើយនោះទេ មិនដូចការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមនោះឡើយ។
ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានបញ្ជាក់ថា ការពិនិត្យកំហាកនេះ ដើម្បីធានាឱ្យច្បាស់លាស់ជូនដល់ប្រជាពរដ្ឋ កុំឱ្យមានការភ័ណ្ឌច្រឡំ និងមានភាពភ័យខ្លាចដល់សាធារណជន ។
ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា ក្រសួងនឹងបន្ដតាមដានជំងឺកូរ៉ូណាថ្មី ឬ COVID-19ជាប់ជាប្រចាំ ដើម្បីការពារ និងអាចព្យាបាលបានឱ្យទាន់ពេលវេលា ហើយជៀសវាងឆ្លងរីករាលដាលបន្ដទៀត។
លោកស្រីតំណាងអង្គការសុខភាពពិភពលោក បានកើតសរសើរមន្រ្ដីសុខាភិបាលកម្ពុជា ដែលធ្វើការតាមដានការងារស្វែងរកជំងឺកូរ៉ូណាថ្មី ឬ COVID-19 បានយ៉ាងល្អ និងមានភាពច្បាស់លាស់។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញការឆ្លងមួយករណីនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ ។ប៉ុន្ដែថ្មីៗនេះ មានការដួលសន្លប់ និងស្លាប់នោះ មិនមែនជាជំងឺកូរ៉ូណាថ្មី ឬ COVID-19នោះទេ៕