ក្រសួងអប់រំ ត្រៀមប្រារព្ធទិវាជាតិអំណានលើកទី៥នៅថ្ងៃទី១១ ខែមីនាខាងមុខនេះ

វិទ្យុជាតិកម្ពុជា ៖ លោក អ៊ឹម ភិរក្សនារីរតនៈ

MC ៖ ក្រសួងអប់រំ យុវជននិងកីឡា ត្រៀមប្រារព្ធទិវាជាតិអំណានលើកទី៥ ឆ្នាំ២០២០ នៅថ្ងៃទី១១ ខែមីនាខាងមុខនេះដើម្បីបណ្ដុះទម្លាប់ដល់សិស្សិនិស្សិត និងកុមារក្នុងការអានសៀវភៅ បង្កើនចំណេះដឹងចូលរួមកសាងសង្គមជាតិឲ្យមានភាពរីកចម្រើនជឿនលឿន ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំទិវាជាតិអំណានលើកទី៥ ក្រោមប្រធានបទ ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គោលបំណង់សំខាន់នៃទិវាអំណាននេះដើម្បីបង្កើនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ជាការឆ្លើយតបទៅនិងគោលដៅអប់រំជាតិ ឲ្យសមស្របទៅនិងយុគសម័យបច្ចេកវិទ្យាពីព្រោះថាមនុស្សអានតាមបែបផ្សេងៗពីគ្នា ជាពិសេសសិស្ស និស្សិត គួរតែបង្កើនទម្លាប់អាននិងការយល់ដឹងរបស់ខ្លួនដែលជាស្នូលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ។ ក្រសួងបានជំរុញអោយសិស្សានុសិស្សទាំងអស់ ចេះភ្ញាក់រលឹក និងមានទំលាប់អានសៀវភៅអោយបានគ្រប់ៗគ្នា ព្រោះថាការអានសៀវភៅនេះធ្វើអោយមានចំណេះដឹងទូលំទូលាយហើយកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដែលធ្វើអោយប៉ះពាល់សុខភាពផងដែរ ។

 

សំលេង ៖ ការរៀបចំទិវាជាតិអំណាននេះបានកំពុងលើកកម្ពស់អំណាននៅកម្ពុជា ជាពិសេសក្នុងចំណោមយុវជនរបស់យើង គឺក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយពង្រឹងគុណភាពអប់រំ ដើម្បីពង្រឹងគុណភាពអប់រំ គឺត្រូវលើកកម្ពស់អំណានឲ្យបានកាន់តែច្រើន ហើយជាពិសេសការលើកកំពស់ការរៀន ការសិក្សា ភាសា និងអក្សរសិល្ប៍ខ្មែរយើងផងដែរ ។

សូមបញ្ជាក់ថា ទិវាជាតិអំណានលើកទី៥ ឆ្នាំ២០២០នេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ដែលចំនឹងថ្ងៃកំណើតសម្តេចព្រះសង្ឃរាជ ជួន ណាត ដោយ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ឋ រដ្ឋអំណាច អាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញទម្លាប់នៃការអាន ៕