អ្នកការទូតកំពូលរបស់រុស្ស៊ី និងតួកគីពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំរវាងលោក ពូទីន និងលោក អេរដូហ្គែន

AKP ភ្នំពេញ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ — កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ការត្រៀមរៀបចំសម្រាប់ការប្រជុំនាពេល​ខាងមុខរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីតួក លោក Recep Tayyip Erdogan ត្រូវបានពិភាក្សាតាម​ទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គឺលោក Sergey Lavrov នៃប្រទេស រុស្ស៊ី និងលោក Mevlut Cavusoglu នៃប្រទេស​តួកគី។

ក្រសួងនេះបាននិយាយថា «ភាគីទាំងពីរបានពិភាក្សាអំពីការរៀបចំសម្រាប់ការប្រជុំនាពេលខាងមុខរវាងប្រធានាធិបតី លោក Putin និងលោក Erdogan»។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃអាទិត្យបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា អ្នកការទូតកំពូលទាំងពីររូប​ក៏បានព្រមព្រៀងគ្នាផងដែរថា វិធានការចាំបាច់ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាស្តីពីដំណោះស្រាយនៅប្រទេស​ស៊ីរីផងដែរ។

ក្រសួងបាននិយាយថា «រដ្ឋមន្រ្តីបាននិយាយគាំទ្រវិធានការដើម្បីបង្កើតបរិយាកាសអំណោយផលលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច​សន្ទនា ស្តីពីការអនុវត្តកិច្ចព្រមព្រៀងក្នុងការគាំទ្រដល់ដំណោះស្រាយនៅប្រទេសស៊ីរី និងលើបញ្ហាផ្សេងៗទៀតនៅលើរបៀបវារៈនៃ​ទំនាក់ទំនងរវាងរុស្ស៊ី ​និងតួកគី»។

លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា លោក Putin និងលោក Erdogan អាចនឹងជួបគ្នានៅទីក្រុងមូស្គូនៅថ្ងៃទី ៥ ឬថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេសទតួកគី លោក Mevlut Cavusoglu បានបញ្ជាក់ថា ការត្រៀមរៀបចំកិច្ចប្រជុំនេះកំពុងស្ថិតនៅក្នុងដំណើរការដើម្បីរៀបចំកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរនៅកាល​បរិច្ឆេទខាងលើ។ ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា តើការប្រជុំនេះនឹងត្រូវធ្វើឡើងនៅទីណានោះទេ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)