អគ្គនាយកពន្ធដារ៖ ការ​លើកលែងពន្ធប្រចាំខែដល់វិស័យសណ្ឋាគារ និងផ្ទះសំណាក់នៅ​ខេត្ត​​សៀមរាប​ គឺជាវិធានការមួយ ជួយកាត់បន្ថយផលប៉ះពាល់វិស័យ​ឯកជន

AKP សៀមរាប ថ្ងៃទី០២ ខែមីនា ២០២០ — ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងនូវការបង់ពន្ធប្រចាំខែ គ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្ម ក្នុងខេត្តសៀមរាប រយៈពេល៤ខែ ចាប់អនុវត្តន៍ពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី«វិធានការសម្រួលផ្នែកពន្ធ ដើម្បីកាត់បន្ថយ​ផលប៉ះពាល់លើវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យអចលនទ្រព្យ» ព្រមទាំងផ្សព្វ​ផ្សាយ​អំពី«ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (E-Filing) និងវិធានវិក័យបត្រទម្រង់ថ្មី»នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គង់ វិបុល បានលើកឡើងថា វត្តមាន​របស់វីរុស COVID-19 ដែលបានផ្ទះឡើងក្រុងវូហា​ន នៃសាធារណរដ្ឋប្រជា មានិតចិន ដែលឥឡូវនេះ កំពុងតែឆ្លងដល់ប្រទេសចំនួន៥៧ប្រទេស​នៅលើពិភលោក ហើយ​ការរីករាលដាលនេះ ធ្វើឱ្យវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ​របស់​កម្ពុជា ក៏បានជួប​ប្រទះនូវបញ្ហាជាច្រើន ហើយចំនួនភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក​គួរឱ្យកត់សម្គាល់។ ឯក​ឧត្តម​បាន​ពន្យល់ថា បើទោះបីសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្ត សៀមរាបត្រូវបានលើកលែងពន្ធប្រចាំខែមែន ប៉ុន្តែម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់ គ្រងអាករលើតម្លៃបន្ថែម( E-VAT) ជារៀងរាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។ ឯកឧត្ដម​បានបន្ដថា ការធ្វើដូចនេះ គឺដើម្បីឱ្យរដ្ឋបានដឹងថា នៅក្នុងរយៈពេល៤ខែ​នៃ​ការ​លើកលែងពន្ធនេះ រដ្ឋបានចំណាយថវិកាអស់ប៉ុន្មានក្នុងការបង់ពន្ធជំនួស។

ចំពោះសំណូមពរបស់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប​ ចង់ឱ្យរាជរដ្ឋាភិបាល លើក​លែង​ពន្ធដល់ភោជនីយដ្ឋាន ហាងម៉ាស្សា និងទីភ្នាក់ងារទេសចរណ៍ដែរនោះ ឯកឧត្តម អគ្គនាយកពន្ធដារបានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ មិនអាចលើកលែងទាំងអស់បានទេ លុះត្រាតែមានការ​សម្រេចពីរាជរដ្ឋាភិបាល ហើយឯកឧត្តមនឹងយកសំណើនេះ​ដាក់ជូនថា្នក់​ដឹកនាំ ដើម្បីដាក់​ជូនប្រមុខរាជរដ្ឋាភិបាល។ ប៉ុន្តែបើភោជនីយដ្ឋាន ហាងម៉ាស្សា និង​ទីភ្នាក់ ងារ​ទេសចរណ៍ ណាដែលគ្មានចំណូលគឺរដ្ឋមិនបានកំណត់ឱ្យបង់ពន្ធនោះទេ។

ឯក​ឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាន​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែលបានលើកលែងនូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់នៅ ក្នុងខេត្តសៀមរាប។ ឯកឧត្តមអភិបាលខេត្ដបានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះ​សំណាក់​ទាំងអស់ សូមរក្សាឱ្យបាននូវគុណភាពនៃសេវា និងតម្លៃជូនភ្ញៀវទេសចរ ដែលមក​ស្នាក់​នៅ និងមក​កម្សាន្តក្នុងខេត្តសៀមរាប ខណៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវដល់ អ្នកចូលចិត្តដើរ​លេង​ក្រៅស្រុក សូមបង្វែរមកលេងនៅក្នុងស្រុកឱ្យបានច្រើនផងដែរ៕

ដោយ ឃុត សៅ