គ.ជ.ប បណ្តុះបណ្តាលមន្ត្រីពីការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖លោក វ៉ាងភក្តី

MC: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ធ្វើការបណ្តុះបណ្តាលមន្ត្រីចុះឈ្មោះបោះឆ្នោត គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងារ ខណៈការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត និងការចុះឈ្មោះថ្មីនឹងត្រូវធ្វើក្នុងពេលក្នុងមុខនេះ។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប បានឲ្យដឹងថា ការបណ្តុះបណ្តាលនេះ ដើម្បីធានាឲ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយ សុវត្ថិភាព តាមរយៈការស្រង់ និងលុបឈ្មោះអ្នកបោះឆ្នោតដែលបានទទួលមរណភាព អ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន អ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នាទីស្តីការ គ.ជ.ប នៅថ្ងៃទី២ ខែមីនានេះ ឯកឧត្តម បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ទូទាំងប្រទេស នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែឧសភាខាងមុខនេះ ដើម្បីឲ្យប្រជាពលរដ្ឋកែតម្រូវឈ្មោះ ឬទិន្នន័យដោយផ្អែកលើឯកសារសំអាងត្រឹមត្រូវ ការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ប្រជាពលរដ្ឋខ្មែរដែលទើបគ្រប់អាយុ១៨ឆ្នាំ ប្រជាពលរដ្ឋខ្មែរដែលបានផ្លាស់លំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី។ ឯកឧត្តម បានបន្តថា ប្រជាពលរដ្ឋខ្មែរ ត្រូវទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំសង្កាត់ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់អាស្រ័យនៅ ។
សូមបញ្ជាក់ថា បញ្ជីបោះឆ្នោត ឆ្នាំ២០១៩ មានប្រជាពលរដ្ឋកម្ពុជាសរុប ចំនួន ជាង៨លាន៦២ម៉ឺននាក់ ស្មើនឹង៨៤,៧៤ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលត្រូវប៉ាន់ស្មាន់គ្រប់អាយុ បោះឆ្នោត សរុប៕