ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រតិកម្ម ចំពោះអ្នកដែលចង់ស្នើឲ្យរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញ ៥០បូក១ទៅ២ភាគ៣ វិញ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០២ ០៣ ២០២០៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រតិកម្ម ចំពោះអ្នកដែលស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី៥០បូក១ ទៅ២ភាគ៣វិញ ដោយសម្តេចបញ្ជាក់ថា គឺមិនអាចធ្វើបានទេ ខណៈដែលការអនុវត្តប្រព័ន្ធ២ភាគ៣នេះកម្ពុជាធ្លាប់អនុវត្តន៍រួចមកហើយ គឺជួបការលំបាកក្នុងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មី។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបចំនួនជិត១៦០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២០ សម្តេចតេជោបានមានប្រសាសន៍ថា ការវិសោធនកម្មរដ្ឋធម្មនុញពី២ភាគ៣ មក៥០បូក១វិញ ដោយសារតែពីមុន គណបក្សដែលឈ្នះឆ្នោតហើយ ត្រូវការសំឡេងពីគណបក្សដែលចាញ់ឆ្នោត ទើបអាចបង្កើតជារដ្ឋាភិបាលបាន។ ដូច្នេះ បើអនុវត្តយក៥០បូក១ សព្វថ្ងៃនេះ នឹងផ្តល់ឱកាសដល់គណបក្សដែលឈ្នះឆ្នោត ងាយស្រួលក្នុងការបង្កើតរដ្ឋាភិបាល ដោយមិនមានភាពរាំងស្ទះ។
« មានអ្នកខ្លះក្នុងប៉ុន្មានថ្ងៃនេះ លើកឡើងចង់ឲ្យយើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀត ពីចំណុចនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី១សុំឲ្យធ្វើពី៥០បូក១ទៅ ២ភាគ៣ ។ ដោយសារតែ២ភាគ៣ធ្វើការអត់កើត បានគឺធ្វើវិសោធនកម្ម ២ភាគ៣ មក ៥០បូក១ ដើម្បីផ្តល់ឱកាសឲ្យអ្នកឈ្នះ ដែលមានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលនោះគេមានលទ្ធភាពបង្កើត ។ កាលពីមុននោះ សូម្បីតែប្រជុំសភា អ្នកដែលឈ្នះទៅសូមអង្វរអ្នកចាញ់ ព្រោះអី៣ភាគ៤ស្មើនិង៨៥ សំឡេង ៨៥នាក់ទើបប្រជុំបាន ។ ដល់អនុម័តបង្កើតរាជរដ្ឋាភិបាលត្រូវដោយសំឡេង២ភាគ៣ វាត្រូវ៨២នាក់ ក្នុងនោះគណបក្សប្រជាជននៅឆ្នាំ១៩៩៨ បាន៦៤ អាសនៈ លើ១២១ ។ អញ្ចឹងយើងមានលទ្ធភាពបង្កើតរដ្ឋាភិបាលតែយើងអត់អាចបង្កើតបាន ឆ្នាំ២០០៣បានដល់៧៣កៅអី នៅតែបង្កើតរដ្ឋាភិបាលអត់បាន ។ បានដូច្នេះដើម្បីសម្រួលឲ្យទាំងអស់គ្នា អាចមានលទ្ធភាពអ្នកណាឈ្នះបង្កើតរដ្ឋាភិបាលទៅ »៕