ក្រុមជំនាញបន្តស្រាវជ្រាវរកពូជផ្កាអ័រគីដេ ព្រៃនៅកម្ពុជា បន្ទាប់ប៉ាន់ប្រមាណថា មានជាង៥០០ប្រភេទ

វិទ្យុជាតិកម្ពុជា, វ៉ាង ភក្តី ០២ ០៣ ២០២០៖

ក្រុមជំនាញបរិស្ថានបន្តស្រាវជ្រាវរកពូជកេសរកូលព្រៃ ឬហៅថា អ័រគីដេ ដើម្បីជំរុញការអភិរក្ស និងកំណត់អត្តសញ្ញាណដែលឈានទៅទប់ស្កាត់ការធ្វើអាជីវកម្មខុសច្បាប់ បន្ទាប់ពីបានរកឃើញប្រភេទផ្កាប្រភេទនេះប្រមាណ១៥០ប្រភេទរួចហើយ ក្នុងចំណោមដែលត្រូវ ប៉ានស្មានថា មាននៅកម្ពុជារហូតដល់ជាង៥០០ប្រភេទ។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា ក្រុមជំនាញរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បាននឹងកំពុងសិក្សាស្រាវជ្រាវរកប្រភេទកេសរកូលព្រៃដែលមាននៅក្នុងប្រទេសកម្ពុជា រួមទាំងប្រភេទកម្រ និងប្រភេទមិនទាន់បានកំណត់អត្តសញ្ញាណ ដើម្បីឈានទៅអភិរក្សប្រភេទផ្កាព្រៃប្រភេទនេះ ដែលកំពុងមានវត្តមាននៅកម្ពុជា និងកំពុងទទួលរងគ្រោះថ្នាក់ ដើម្បីស្តារឡើងវិញទៅក្នុងដែនជម្រកធម្មជាតិ។
ថ្លែងក្នុងឱកាសទស្សនកិច្ចស្វែងយល់របស់អ្នកសារព័ត៌មាននៅកម្ពុជា កាលពីចុងសប្តាហ៍នេះ លោក ស៊ុន គង់ បានបញ្ជាក់ថា កម្ពុជាអាចចាត់ទុកជាប្រទេសមួយដែលទៅដោយប្រភេទកេសរកូលព្រៃ រហូតដល់ជាង៥០០ប្រភេទ ហើយពូជខ្លះ ក៏ជាពូជកម្រផងដែរ។ ប៉ុន្តែ បច្ចុប្បន្ន កេសរកូសព្រៃនៅកម្ពុជា កំពុងទទួលរងការគំរាមកំហែង តាមរយៈការជួញដូរក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសនៅប្រទេសជិតខាង។

មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ត្រូវបានបង្កើតឡើងដំបូងគេបង្អស់នៅកម្ពុជា កាលបីចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។
ការដាក់ឈ្មោះ «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន»នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លារបស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។
បើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា មជ្ឈមណ្ឌលស្រាវជ្រាវនេះ នឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗជាច្រើនដូចជា៖ រក្សា និងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃសម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្ត ជាដើម។ ឯកឧត្តម មានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាទីតាំងប្រមូល ការពារ សង្គ្រោះ និងអភិរក្សប្រភេទកេសរកូលព្រៃដែលទទួលរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ និងការសិក្សាស្រាវជ្រាវបន្ត។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន មានបំណងប្រែក្លាយមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខអាន ភ្នំគូលែន ឲ្យក្លាយទៅជាផលិតផលទេសចរថ្មីបែបធម្មជាតិ បន្ថែមលើផលិតផលទេសចរណ៍បេតិកភណ្ឌវប្បធម៌ដ៏សម្បូរ បែបនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប៕