អាជ្ញាធរស្រុកបន្ទាយស្រីត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុក

វិទ្យុជាតិកម្ពុជា: ហាន់ ស្រីណា.០២.០៣.២០៖

អាជ្ញាធរស្រុកបន្ទាយស្រីត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកអោយមកសម្រាកកម្សាន្តកាន់តែនច្រើននិងប្រកបដោយនិរន្តរភាព ដែលជួយ បង្កើនចំណូលសម្រាប់អ្នកបំរើសេវាកម្មទេសចរ ។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា រដ្ឋបាលស្រុកបន្ទាយស្រីកំពុងរៀបចំព្រឹត្តិការណ៍មួយចំនួនដែលមានចរិកជាលក្ខណៈរបស់ខ្មែរ ដូចជានិងរៀបចំអោយមានការតាំងពិពណ៍ផលិតផលកសិកម្មក្នុងស្រុក ផ្លែត្រសក់ផ្អែម នំបញ្ចុកព្រះដាក ស្កផែនបន្ទាយស្រី និងព្រឹត្តិការណ៍សម្តែង សិល្បៈបុរាណ ពិសេសទៀតនោះនិងរៀបចំអោយមានជាផ្ទះស្នាក់សហគមន៍ ដែលមានលក្ខណៈងាយស្រួលសម្រាប់អ្នកទេសចរផងដែរ។
លោកបានបញ្ជាក់ថា ការបង្កើតព្រឹត្តិការណ៍ទំាងនេះដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេង កម្សាន្តឲ្យបានច្រើនឡើងវិញ ខណៈដែលបច្ចុប្បន្នភ្ញៀវដែរមកទស្សនាកម្សាន្តនៅខេត្តសៀមរាបមានការធ្លាក់ចុះយ៉ាងគំហុក ដោយសារតែផលប៉ះពាល់នៃជំងឺCovid-19។ លោកអភិបាលស្រុក បានជឿជាក់ថា ព្រឹតិ្តការណ៍ទាក់ទាញភ្ញៀវទេសចរនេះ នឹងជួយដោះស្រាយចំណូលរបស់ក្រុម សេវាករបំរើវិស័យទេសចរណ៍បានមួយចំនួនធំ តាមរយៈភ្ញៀវអាចស្នាក់នៅបានយូរ ដោយសារតែ តម្លៃស្នាក់នៅ និងចូលទស្សនប្រាង្គប្រាសាទត្រូវបានបញ្ចុះតម្លៃច្រើន។
សំឡេង:ថ្មីៗនេះយើងបានជំរុញនិងទាក់ទាញឲ្យមានការប្រកួតនៃការអុំទូកកម្រិតភូមិភាគបានធ្វើការពីថ្ងៃទី២២ រួចមកហើយគឺជាការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិដែលក្នុងនោះទទួលបានប្រជាជនជិតមូយម៉ឺននាក់ចូលរួមផងដែរ។ នៅពេលខាងមុខយើងគ្រោងនឹងរៀបចំកម្មវិធីមួយចំនួនគឺក្រុមការងារកំពុងតែរៀបចំរួចហើយគឺយើងឃើញឱកាសមួយចំនួនដែរគឺដំណើរការមុនចូលឆ្នាំខ្មែរនេះនឹងដំណាក់កាលបន្ទាប់ពីចូលឆ្នាំខ្មែរដោយសារតែនៅស្រុកបន្ទាយស្រីនេះគឺជាស្រុកមួយសម្បូរទៅដោយកសិផលដំណាំហូបផ្លែហើយការប្រមូលផលរបស់គាត់នឹងកើតមាននៅកំឡុងមុនពេលបុណ្យចូលឆ្នាំខ្មែរដែរអញ្ចឹងយើងប្រហែលជាជំរុញអោយមានព្រឹត្តិការណ៏មួយយចំនួនដើម្បីឲ្យភ្ញៀវទេសចរនិងបងប្អូនទាំងអស់មកលេងបន្ទាយស្រីនិងទិញបានកសិផលមួយចំនួនដាំដោយរបៀបធម្មជាតិគ្មានប្រើប្រាស់សារធាតុគីមី។
គួរបញ្ជាក់ថា គណៈអភិបាលស្រុកបន្ទាយស្រី គ្រោងរៀបចំអោយមានព្រឹត្តការណ៍សង្រ្កាន្តបន្ទាយស្រី ក៏ដូចជារៀបចំបុណ្យភូមិ ដែលមានឈ្មោះថា បុណ្យភូមិព្រះដាក ដែលជាភូមិមួយមានការអភិវឌ្ឍន៍ និងបរិស្ថានល្អស្អាត និងជាភូមិមួយដែលជាប់ឈ្មោះថា ផ្ទះមួយ អំពូលមួយ ដែលជាចំនុចល្អមួយសម្រាប់ជូនភ្ញៀវទេសចរ ដែលចូលមកទស្សនានិងចែករំលែកបទពិសោធន៍អំពីជីវភាពរស់នៅប្រចាំថ្ងៃ ទំនៀមទំលាប់ក្នុងតំបន់ ពិសេសនោះគឺការទទួលទានអាហារប្រចាំស្រុកបន្ទាយស្រីដ៏ឈ្ងុយឆ្ងាញ់៕