នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ីស្បថចូលកាន់ដំណែង

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង៖

 លោក Muhyiddin Yassin  បានស្បថចូលកាន់តំណែងជាផ្លូវការ ជានាយករដ្ឋមន្រ្តី ថ្មីរបស់ម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យបន្ទាប់ពីការប្រកាសលាលែងពីតំណែង ភ្លាមៗដោយអតីត នាយករដ្ឋមន្រ្តី លោក Mahathir Mohamad។

នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia។

មុនពិធីស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី លោក Mahathir អតីតនាយក រដ្ឋមន្រ្តីរបស់ម៉ាឡេស៊ី បានអំពាវនាវឲ្យមានការបើកអង្គប្រជុំនៅសភាមុនកាលកំណត់ ដើម្បីអាច ឲ្យសមាជិកសភាទាំងអស់បញ្ចេញសំឡេងជាផ្លូវការថា ពួកគេគាំទ្រឬមួយមិនគាំទ្រលោក Muhyiddin ជានាយករដ្ឋមន្រ្តី ដោយលោក Mahathir នៅតែមានក្តីសង្ឃឹមថា រូបលោកនឹងមាន សំឡេងគាំទ្រភាគច្រើនក្នុងសភា។

យ៉ាងណាក៏ដោយ លោក Muhyiddin Yassin ត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី ប្រកាសតែងតាំងជានាយករដ្ឋមន្រ្តីទី០៨ នៃប្រទេសម៉ាឡេស៊ីកាលពី ថ្ងៃសៅរ៍ ដោយទ្រង់បាន អះអាងថា លោកគឺជាបុគ្គលដែលទទួលបានសំឡេងគាំទ្រភាគច្រើននៅក្នុងសភា។