អាជ្ញាធរជាតិអប្សរារៀបចំពិព័រណ៍សមិទ្ធផល២៥ឆ្នាំរបស់ខ្លួន

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត

ភ្នំពេញ៖កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) បានរៀបចំពិពរ័ណ៍សមិទ្ធផលការងាររបស់អាជ្ញាធរជាតិអប្សរាដើម្បីអបអរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា (១៩៩៥_២០២០)។

ពិព័រណ៍សមិទ្ធផលការងារនេះរៀបចំឡើងដោយមានកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌វិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដឹកនាំដោយ លោក អៀង សុធារ៉ា។

មានប្រសាសន៍ក្នុងឱកាសនោះ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក បានលើកឡើងថា ការស្នើសុំអាជ្ញាធរជាតិអប្សរាយកសមិទ្ធផលការងារ២៥ឆ្នាំក្នុងថ្ងៃបង្កើតស្ថាប័នខ្លួនមកតាំងពិព័រណ៍នៅទីនេះ គឺដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយពីកិច្ចការអភិរក្ស ការជួសជុលប្រាង្គប្រាសាទ ការគ្រប់គ្រងទេសចរណ៍ សហគមន៍ ព្រៃឈើ ទឹក ទេសភាពវប្បធម៌។ល។ ដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ នេះជាភារកិច្ចមួយដ៏ចាំបាច់ ក្នុងនាមខ្ញុំជាកូនខ្មែរ ត្រូវជួយផ្សព្វផ្សាយពីមរតកដូនតា រួមចំណែកលើកកម្ពស់ ថែរក្សា ផ្សព្វផ្សាយពីសម្បតិ្តវប្បធម៌ជាតិ ព្រោះយើងគ្រប់គ្នាសុទ្ធតែទទួលបានចំណែកផលនៃអង្គរ។

ឯកឧត្តមបណ្ឌិត ហង់ ពៅ បានថ្លែងអំណរគុណចំពោះកិច្ចសហការពីក្រុមហ៊ុននិងមូលនិធិផ្កាឈូកក្នុងការជួយផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញធរជាតិអប្សរារយៈពេល២៥ឆ្នាំ។ ឯកឧត្តម ក៏បានលើកឡើងថា នេះជាកិច្ចការមួយដ៏សំខាន់ ដែលអាជ្ញាធរជាតិអប្សរា ត្រូវបង្ហាញរាល់សមិទ្ធផលនានាដែលកើតចេញពីការខិតខំរបស់ខ្លួនឱ្យសាធារណជនដឹងឭ ចាប់ពីតាំងពីស្ថាប័ននេះបង្កើតឡើង រហូតដល់ធ្វើឱ្យរមណីយដ្ឋានអង្គរលែងក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រឈមនឹងគ្រោះថ្នាក់នៅឆ្នាំ២០០៤។

ឯកឧត្ដម បន្តទៀតថា អាជ្ញាធរជាតិអប្សរាគឺលំបាកជាងគេ គឺទីមួយប្រឹងធ្វើយ៉ាងម៉េចដើម្បីអភិរក្សប្រាសាទដាច់ខាតឱ្យបានល្អ រឹងមាំ ផុតពីហានិភ័យព្រោះយើងខ្វះខាតទាំងអ្នកជំនាញ ថវិកា ហើយប្រទេសក៏ស្ថិតក្នុងស្ថានភាពអសន្តិសុខ ពិសេសតំបន់អង្គរ ពេញដោយគ្រាប់មីន។ ទីពីរ គឺប្រឹងធានាការអភិវឌ្ឍឱ្យស្របនឹងការអភិរក្សប្រកបដោយចីរភាព។

គួរបញ្ជាក់ផងដែរថា តំបន់អង្គរឬរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ មានផ្ទៃដីសរុប៤០១គីឡូម៉ែត្រក្រឡា ដែលក្នុងនោះរួមមានទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យាចំនួន៩១ បរិស្ថាន និងសហគមន៍មនុស្សផងដែរ៕