អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា មិនមានភ្ញៀវទេសចរជប៉ុនស្លាប់ដោយCovid 19 នៅប្រាសាទអង្គរវត្តនោះទេ!

វិទ្យុជាតិកម្ពុជា៖ លោក ចេម ហួត

យោងទៅលើហ្វេសប៊ុកឈ្មោះ Sdam Husen និងទំព័រលើហ្វេសប៊ុកផ្សេងៗបានចុះផ្សាយថា «ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់បានស្លាប់ដោយ Covid19 នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០» ដោយប្រើរូបភាពចាស់។

ចំពោះករណីចុះផ្សាយខាងលើនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សូមបដិសេធថាពុំមែនជាព័ត៌មានពិតទេ។ រីឯរូបភាពដែលបានប្រើប្រាស់នោះ គឺជាព្រឹត្តិការណ៍បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ត្រីភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពាន់ និងត្រូវបានបញ្ជូនទៅព្យាបាលតាមរថយន្តពេទ្យ Royal Angkorភ្លាមៗ។

អាជ្ញាធរជាតិអប្សរា ស្នើដល់ម្ចាស់គេហទំព័រនិងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពចែកចាយនិងផ្សព្វផ្សាយនូវព័ត៌មានផ្ទុយពីការពិត ដែលនាំមកនូវការខាតបង់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ បាត់បង់កិត្តិយសជាតិ រួមនឹងសតិអារម្មណ៍របស់ភ្ញៀវទេសចរ និងប្រជាជាតិខ្មែរ៕