អាជ្ញាធរជាតិអប្សរាបដិសេធករណីថា មានភ្ញៀវទេសចរជប៉ុនស្លាប់ដោយសារជំងឺ Covid-19 នៅប្រាសាទអង្គរវត្ត

AKP សៀមរាប ថ្ងៃទិ២៩ ខែកុម្ភៈ ឆ្នាំ២០២០ — យោងទៅលើហ្វេសប៊ុកឈ្មោះ Sdam Husen និងទំព័រលើហ្វេសប៊ុកផ្សេងៗបានចុះផ្សាយថា « ភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់បានស្លាប់ដោយ Covid-19 នៅប្រាសាទអង្គរវត្ត ប៉ុន្មាននាទីមុននេះ នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ » ដោយប្រើរូបភាពចាស់។

ចំពោះករណីចុះផ្សាយខាងលើនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបដិសេធថាពុំមែនជាព័ត៌មានពិតនោះទេ។ រីឯរូបភាពដែលបានប្រើប្រាស់នោះ គឺជាព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលស្ត្រីភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ អាយុ៧២ឆ្នាំ បានកើតខ្យល់នៅចំណុចព្រះពាន់ និងត្រូវបានបញ្ជូនទៅព្យាបាលតាមរថយន្តពេទ្យ Royal Angkor ភ្លាមៗ។

អាជ្ញាធរជាតិអប្សរា ស្នើដល់ម្ចាស់គេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពចែកចាយ និងផ្សព្វផ្សាយនូវព័ត៌មានផ្ទុយពីការពិត ដែលនាំមកនូវការខាតបង់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ បាត់បង់កិត្តិយសជាតិ រួមនឹងសតិអារម្មណ៍របស់ភ្ញៀវទេសចរ និងប្រជាជាតិខ្មែរ៕

ដោយ ឃុត សៅ