អភិបាលរាជធានីភ្នំពេញស្នើឱ្យអាណា ព្យាបាលរបស់កុមារតូចៗ ត្រូវអប់រំបន្ថែម ការថែទាំសុខភាពតាមរយៈ សម្អាតមាត់ធ្មេញ ជាប្រចាំ

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអាណា ព្យាបាល លោកគ្រូ អ្នកគ្រូ របស់កុមារតូចៗ ត្រូវអប់រំ បន្ថែម ការថែទាំសុខភាពតាមរយៈ ការសម្អាតមាត់ធ្មេញ ជាប្រចាំ។ ការលើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នេះក្នុងវិធី អប់រំ សុខភាពមាត់ធ្មេញនិងពិនិត្យមាត់ធ្មេញរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ នាថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ នៅក្នុងសាលាបឋមសិក្សាភូមិធំ ក្នុងសង្កាត់ពញាពន់ ខណ្ឌ ព្រែកព្នៅ ដែលមានកុមារមកចូលរួមនៅក្នុងកម្មវិធីអប់រំសុខភាពមាត់ធ្មេញនិងការពិនិត្យ មាត់ធ្មេញនេះមានចំនួន៥០០នាក់។

ឯកឧត្ដម ឃួង ស្រេងនិងលោកជំទាវក៏បានជួយផ្ដល់នូវអំណោយមួយចំនួនដល់ សិស្សានុ​សិស្សទាំង៥០០នាក់នេះផងដែរ ដោយក្នុងម្នាក់ៗ ទទួលបានសៀវភៅមួយក្បាល ប៊ិច​មួយ​ដើម មី៥កញ្ចប់ជាមួយនឹងថ្នាំដុសធ្មេញពីរប្រអប់ផង។

ឯកឧត្ដម ឃួង ស្រេង បានធ្វើការណែនាំឱ្យក្មួយសិក្សាទាំងអស់ត្រូវតែយកចិត្តទុក​ដាក់លើ​បញ្ហាសុខភាពដោយត្រូវងូតទឹកដុសធ្មេញ លាងសម្អាតរាងកាយឱ្យបានស្អាត មុនមក​សាលារៀន ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រឱ្យក្លាយជា សិស្សល្អ មិត្តល្អ ដោយក្មួយៗ​ជាទំពាំងត្រូវស្នងឬស្សី។

បន្ទាប់ពីសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល កុមារតូចៗរួច ឯកឧត្តម ឃួង ស្រេង និងលោក ជំទាវក៏បានបន្តធ្វើដំណើរចុះ មកជួបសំណេះសំណាលជា​មន្ត្រីសង្កាត់ មេភូមិ នៅក្នុងសាលាសង្កាត់ពន្សាំង បន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ​និងចុះ​ពិនិត្យមើលផ្លូវមួយខ្សែ ដើម្បីជួស ជុល ដោយចាក់បេតុង ឆ្អឹងដែក ប្រវែង១៣០០ ម៉ែត្រ ទទឹង៨ម៉ែត្រ ជាអំណោយផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិស្នួល សង្កាត់ពន្សាំង នេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានធ្វើការណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ពិសេសអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ ចំពោះសុខភាពនិងតម្រូវការរបស់ ប្រជា​ពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ឯកឧត្ដម បានបញ្ជាក់ថា មកដល់ខែនេះ គឺជារដូវក្តៅហើយ ប្រជាពលរដ្ឋអាចប្រឈម​មុខនឹងជំងឺផ្សេងៗពិសេស ជំងឺអាសន្នរោគ ។ដូច្នេះមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវតែ​ពិនិត្យមើលរឿងនេះឱ្យបានល្អប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋអាចទប់ស្កាត់នូវជំងឺអាសន្ន​រោគនេះ ។

ក្នុងដំណើរនៃការចុះពិនិត្យមើលស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋនិងពិនិត្យ​ទៅ​លើ​​ការស្ថាបនាផ្លូវក្នុងភូមិ ឯកឧត្ដម ឃួង ស្រេងក៏បានជំរុញឱ្យក្រុមការងារធ្វើការស្ថាបនា​ផ្លូវក្នុងភូមិស្នួលនេះឱ្យបានលឿន ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ៕

ដោយ សួស សំរិត