ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបចូលរួមសម្អាតបរិស្ថាន

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៩ ០២ ២០២០៖

ក្រសួងបរិស្ថានអំពាវនាវដល់ប្រជាសហគមន៍រស់នៅលើបឹងទន្លេសាបចូលរួមសម្អាតបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សំដៅទប់ស្កាត់ការបំពុលដោយប្រព័ន្ធអេកូឡូស៊ីន និងជីវៈចម្រុះនៅបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេ និងសម្បូណ៌ត្រីច្រើនជាងគេ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោងថែរក្សាបរិស្ថាន ដែលត្រូវបានដាក់ឈ្មោះថា «គម្រោង អ» នាសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បានលើកទឹកចិត្តឲ្យសិស្សសាលា និងប្រជាពលរដ្ឋក្នុងសហគមន៍នេះ ផ្តើមធ្វើសកម្មភាពមេត្រីបរិស្ថានចេញពីសហគមន៍នីមួយៗ ពីបុគ្គលម្នាក់ៗក្នុងការចេះទទួលខុសត្រូវរៀបចំទុកដាក់កាកសំណល់ដោយមិនបោះចោលពាសវាល ពាសកាលតាមទីសាធារណៈ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់សោភ័ណបរិស្ថាន។ ជាមួយគ្នានេះ ក៏បានជំរុញការចូលរួមពីសាធារណជនក្នុងការកាត់បន្ថយ និងការបំពុលដោយប្លាស្ទិកក្នុងកិច្ចគាំពារបរិស្ថាននៅកម្ពុជា ជាពិសេសគឺការបំពុលប្រព័ន្ធជីវៈចម្រុះបឹងទន្លេសាបដែលបង្កឡើងដោយសំរាមប្លាស្ទិក។
ឯកឧត្តម មានប្រសាសន៍ថា បឹងទន្លេសាបមានទេសភាពស្អាត សម្បូណ៌ដោយជីវៈចម្រុះជាពិសេសមច្ឆជាតិជាច្រើនប្រភេទ មានប្រព័ន្ធអេកូឡូស៊ីដែលចាំបាច់ត្រូវតែទប់ស្កាត់កុំឲ្យមានការបំពុលដោយប្លាស្ទិក រក្សាគុណភាពទឹកឱ្យបានល្អ សោភ័ណភាពស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។ ឯកឧត្តម បញ្ជាក់ថា «យើងត្រូវអនុវត្តនូវទិសស្លោក យើងស្អាត សហគមន៍ យើងស្អាត ទន្លេសាបស្អាត ដោយគ្មានប្លាស្ទិក។ ទន្លេសាបត្រូវបានបំពុលដោយថង់ប្លាស្ទិកដែលទាំង សហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិកដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹង នានាចាក់ចូលមកក្នុងបឹងទន្លេសាប។ ហេតុផលដែលថាថង់ប្លាស្ទិកត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថានគឺវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែក មានន័យថាសំណល់ប្លាស្ទិកគឺសារធាតុដែលមិនងាយនឹងពុកផុយ ឬរលួយបានដោយងាយទេ។ ជាមួយគ្នានេះ សំណល់ថង់ប្លាស្ទិកបានផ្តល់ផលប៉ះពាល់ដល់សង្គម សុខភាព និងគុណភាពបរិស្ថានរួមមាន៖ ការធ្វើឲ្យស្ទះប្រព័ន្ធបង្ហូរទឹកលូដែលបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់
, ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន, នៅពេលគេបោះចោលថង់ប្លាស្ទិកនៅក្នុងបរិស្ថាន វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ីជាពិសេសជីវៈចម្រុះនៅក្នុងទឹកជាពិសេសមច្ឆជាតិអាចទទួលរងពីការធ្វើឱ្យស្លាក់ដោយសារតែពួកគេគិតថាជាចំណី ហើយបានស៊ីថង់ប្លាស្ទិកទាំងនោះ, ជាជម្រកភ្នាក់ងារចម្លងជំងឺមួយចំនួនធំ និងមួយផ្នែកទៀតផ្ទុកដោយសារធាតុគីមីពុលអាចជ្រាបចូលទៅក្នុងដី និងធ្វើឱ្យប៉ះពាល់ដល់គុណភាពដី ទឹក និងទឹកក្រោមដី ធ្វើឱ្យមានការបំពុលទឹក និងដី , នៅពេលដែលថង់ប្លាស្ទិកត្រូវបានប្រើប្រាស់សម្រាប់ច្រក ឬខ្ចប់ម្ហូបអាហារជាពិសេសអាហារក្តៅៗអាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្សដោយសារតែសារធាតុគីមីដែលមានផ្ទុកក្នុងថង់ប្លាស្ទិក»។
ក្រសួងបរិស្ថាន បានអនុវត្យគម្រោងគ្មានប្លាស្ទិកដោយសហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរផ្នត់គំនិតប្រជាពល រដ្ឋលើទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដោយអនុវត្តតាមគោលការណ៍ ៤អ៊ែរ៖ កាត់បន្ថយការប្រើប្រាស់ ប្រើប្រាស់ឡើងវិញ កែច្នៃឡើងវិញ និងការបដិសេធប្រើប្រាស់ប្លាស្ទិក។ អង្គការបាននឹងកំពុងចែកចាយដបទឹកចំនួន ៤០០០០ ដបជូនដល់សិស្ស និងលោកគ្រូ អ្នកគ្រូនៅអនុវិទ្យាល័យ និងវិទ្យាល័យប្រមាណ៥៦ នៅជុំវិញតីរួមខេត្តសៀមរាបក្នុងរយៈពេល២ឆ្នាំ។
ជាមួយគ្នានេះ ក៏បង្រៀនមេរៀនពីបរិស្ថានដល់សិស្សានុសិស្ស អំពីបរិស្ថាន ការកាត់បន្ថយប្លាស្ទិក ចែកដបទឹកបរិស្ថានសកម្មភាពនេះមានគោលបំណងដើម្បីបំផុសស្មារតី និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋអោយចេះស្រលាញ់ ថែរក្សា និងជាពិសេសធ្វើការសំអាតអនាម័យបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស យកចិត្តទុកដាក់លើផាសុកភាព។
លោក Aviv Palti ស្ថាបនិកមកពីប្រទេសអូស្ត្រាលី ដែលបានបង្កើតអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នៅខេត្តសៀមរាប បានថ្លែងថា ការចែកដបទឹកជូនសិស្សានុសិស្សនៅសាលារៀន នៅបឹងទន្លេសាប ព្រមទាំងការរៀបចំធុងចម្រោះទឹកដល់សិស្សានុសិស្សនៅអនុវិទ្យាល័យចុងឃ្នៀស ពេលនេះ គឺជាសកម្មភាពចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការអនុវត្តន៍វិធានការទប់ស្កាត់ការបំពុលដោយប្លាស្ទិក ការពារប្រព័ន្ធអេកូឡូស៊ីនិងជីវៈចម្រុះនៅបឹងទន្លេសាបដែលជាបឹងទឹកសាបធំជាងគេនិងសម្បូណ៌ត្រីច្រើនជាងគេ។ លោកមានប្រសាសន៍ថា ជាចលនាមួយជំរុញឱ្យសាលារៀនដទៃទៀតចូលរួមអនុវត្តវិធានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងសាលារៀន និងសហគមន៍ឱ្យបានសកម្ម ទី៥-ជា«យុទ្ធនាការនិយាយថា ទេ» ចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់តែម្តងហើយបោះចោល (single use plastic) និងងាកមកប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានជំនួសវិញ៕