ប្រទេសចិន៖ ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19នៅវូហាន

វិទ្យុជាតិកម្ពុជា ៖ លោកចេមហួត

ប្រទេសចិន៖ ទីក្រុងវូហានប្រទេសចិនជាទីក្រុងដ៏ធំមួយដែលមានប្រជាជនរស់នៅជាប្រចាំចំនួន១១លាននាក់។
រដូវរងាឆ្នាំនេះ ទីក្រុងវូហានបានធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដើម្បីការពារទីក្រុងដែលពុំធ្លាប់ជួបប្រទះពីមុន សត្រូវលើកនេះគឺ វីរុសកូរ៉ូណាប្រភេទថ្មី។
កាលពីថ្ងៃទី២៣ ខែមករា ក្រុងវូហានមានករណីឆ្លង ៤៩៥ ករណី ក្នុងនោះបូករួមទាំងគ្រូពេទ្យនិងគិលានុបដ្ឋាយិកាមួយចំនួនផងដែរ។ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងនេះ ទីក្រុងវូហានដែលមានចំនួនប្រជាជនត្រូវជា១,៣ដងនៃក្រុងញូវយ៉កបានប្រកាស បិទទីក្រុងទាំងមូល។
ចាប់ពីថ្ងៃនោះមក ប្រទេសចិនបានចាប់ផ្តើមផ្តល់ជំនួយដល់ទីក្រុងវូហានដោយទ្រង់ទ្រាយធំ។
មួយថ្ងៃបន្ទាប់ពីការបិទទីក្រុង ក្រុមវេជ្ជបណ្ឌិតមកពីខេត្តក្រៅដំបូងបង្អស់បានទៅដល់ទីក្រុងវូហាន ស្របពេលជាមួយគ្នានេះ សហគ្រាសចិនបានទទួលភារកិច្ចជួយសាងសង់មន្ទីរពេទ្យព្យាបាលជំងឺឆ្លងមួយនៅក្រុងវូហានដែលអាចដាក់គ្រែចំនួន១ពាន់ក្នុងរយៈពេល១០ថ្ងៃ ។
កាលពីថ្ងៃទី២៥ខែមករា ប្រទេសចិនបានកោះធ្វើសន្និសីទកំពូលដើម្បីពង្រឹងជំនឿចិត្តក្នុងការយកឈ្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ។
ជំងឺឆ្លងបាននិងកំពុងរីករាលដាល។គិតត្រឹមថ្ងៃទី២ខែកុម្ភៈ ទីក្រុងវូហានមានករណីឆ្លងលើសពី៥ពាន់នាក់។ថ្ងៃបន្ទាប់ មន្ទីរពេទ្យបណ្តោះអាសន្នទី៣បានចាប់ដំណើរសាងសង់ទាំងយប់ទាំងថ្ងៃ។
ចាប់ពីថ្ងៃទី៧ខែកុម្ភៈមក រដ្ឋាភិបាលចិនបានសម្រេចចិត្តផ្តល់ជំនួយដល់មន្ទីរពេទ្យនៃទីក្រុងចំនួន១៩នៃខេត្តHubeiតាមទម្រង់ចាត់បញ្ជូនក្រុមសុខាភិបាលមកពីខេត្តចំនួន១៩ ដោយខេត្តមួយផ្តល់ជំនួយដល់មន្ទីរពេទ្យនៃទីក្រុងមួយ។
មានគ្រូពេទ្យនិងគិលានុបដ្ឋាយិកាកាន់តែច្រើនឡើងៗបានទៅដល់ក្រុងវូហាន មានថ្ងៃមួយ ព្រលានយន្តហោះទីក្រុងវូហានបានទទួលបុគ្គលិកពេទ្យមកដល់ថ្មីចំនួន៦ពាន់នាក់។
កាលពីថ្ងៃទី១១ខែកុម្ភៈ វូហានមានករណីឆ្លងសរុបជិត២ម៉ឺននាក់។
ពីរថ្ងៃក្រោយមក កងទ័ពជើងអាកាសចិនបានដឹកជញ្ជូនបុគ្គលិកពេទ្យ មកពីកងទ័ពចិនចំនួន១៤០០នាក់ទៅដល់វូហានតាមក្រុមយន្តហោះដឹកជញ្ជូន។
បុគ្គលិកពេទ្យជាង១៥០០នាក់បានឆ្លងជំងឺដោយសារខ្វះសម្លៀកបំពាក់ការពារ ម៉ាសនិងសម្ភារៈព្យាបាលជំងឺ មានបុគ្គលិកពេទ្យមួយចំនួនបានបាត់បង់ជីវិត។ខណៈពេលនោះ សហគ្រាសផលិតសម្ភារៈបរិក្ខារពេទ្យបានស្តារផលិតកម្មឡើងវិញដោយគ្រប់ជ្រុងជ្រោយ រោងចក្រផលិតរថយន្តនិងរោងចក្រផលិតទូរសព្ទដៃមួយចំនួនក៏ចាប់ផ្តើមផលិតម៉ាសដែរ។
ផលិតភាពនៃម៉ាសបានត្រូវលើកកម្ពស់ពី៨លានម៉ាសក្នុងមួយថ្ងៃនៅខែមករាឡើងដល់៥០លានម៉ាសក្នុងមួយថ្ងៃ សម្ភារៈជាច្រើនត្រូវបានដឹកជញ្ជូនទៅកាន់វូហានជាបន្តបន្ទាប់។
គិតត្រឹមថ្ងៃទី២៣ខែកុម្ភៈ ប្រទេសចិនបានបញ្ជូនក្រុមវេជ្ជបណ្ឌិតជាង ៣៣០ ក្រុម ដែលមានបុគ្គលិកពេទ្យសរុបជាង៤ម៉ឺន១ពាន់៦រយនាក់ទៅកាន់ខេត្តHubei។បានសាងសង់មន្ទីរពេទ្យព្យាបាលជំងឺឆ្លងចំនួន២នៅវូហាន និងបានកំណត់មន្ទីរពេទ្យពិសេសសម្រាប់ទទួលព្យាបាលអ្នកឆ្លងជំងឺជាង៤០ មន្ទីរពេទ្យបណ្តោះអាសន្នចំនួន១៣បានដំណើរការ ដោយមានគ្រែចំនួនជាង៤ម៉ឺនបានសម្រេចការទទួលព្យាបាលអ្នកឆ្លងជំងឺនិងអ្នកសង្ស័យឆ្លងជំងឺទាំងអស់។
ចាប់ពីពេលនោះមក ចំនួនអ្នកឆ្លងជំងឺថ្មីចាប់ផ្តើមធ្លាក់ចុះ ពន្លឺនៃជ័យជម្នះបានលេចឡើង។
លោកបណ្ឌិត Tedros Adhanom Ghebreyesusអគ្គនាយកអង្គការសុខភាពពិភពលោកបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសចិនថា ប្រទេសចិនបានឆក់យកពេលវេលាសម្រាប់ពិភពលោកទាំងមូល ទោះជាការធ្វើបែបនេះ ប្រទេសចិនត្រូវបង់តម្លៃដ៏ធំធេងក៏ដោយ។

នេះជាការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏ពិសេសមួយ ជាការប្រយុទ្ធរវាងមនុស្សជាតិទាំងមូលជាមួយវីរុសប្រភេទថ្មី។ការពារវូហាន គឺការពារប្រទេសចិននិងការពារពិភពលោកទាំងមូល។
យើងមិននិយាយថាបានជោគជ័យឡើយល្គឹកណាដែលមិនទាន់ទទួលបានជ័យជម្នះទាំងស្រុងនោះ៕