បណ្ឌិត្យសភានគរបាលកម្ពុជា ដាក់ផែនការកំណែទម្រង់ គុណភាពអប់រំនិងវិន័យរបស់នគរបាល

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ បណ្ឌិត្យសភានគរបាលកម្ពុជា ដាក់ផែនការកំណែទម្រង់ គុណភាពអប់រំនិងវិន័យរបស់នគរបាល ដើម្បីលើកកម្ពស់​​សមត្ថភាពមន្រ្តីនគរបាលឲ្យកាន់តែមានជំនាញប្រកបដោយវិជ្ជាជីវៈ។

ថ្លែងក្នុងពិធីបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី១១ និងជំនាន់ទី ១៤ លើកទី ២សម្រាប់សិស្សនគរបាលក្របខណ្ឌថ្មីចំនួន ២០០នាក់ នារសៀលថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្ដាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានឱ្យដឹងថា ការកំណែទម្រង់នេះ ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូ​​វការរបស់​​អង្គភាពនគរបាលជាតិ ក្នុងគោលដៅលើកកម្ពស់​សមត្ថភាពមន្រ្តីនគរបាលបន្ត វេនប្រកបដោយវិជ្ជាជីវៈ​​ពេញលេញក្រោយពេលបញ្ចប់ការបណ្តុះបណ្តាល។
ឯកឧត្តមប្រធានបានណែនាំដល់សិស្សនិស្សិត និងសិស្សនគរបាលគ្រប់រូប ត្រូវមានអាកប្បកិរិយាល្អ ត្រូវខិតខំយកចិត្តទុកដាក់សិក្សា រៀនសូត្រ គោរពវិន័យក្នុងថ្នាក់ និងក្រៅថ្នាក់ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្តែងព្រមទាំងចូលរួមលើកកម្ពស់វប្បធម៌គុណភាព កិត្យានុភាព និងតម្លាភាពបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទទួលបានការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ៕