ក្រសួងកិច្ចការនារី ជំរុញឱ្យនារីបន្ដការសិក្សាដល់ថ្នាក់ឧត្ដម និងថ្នាក់បណ្ឌិត

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ៖

ក្រសួងកិច្ចការនារី ជំរុញឱ្យនារីបន្ដការសិក្សាដល់ថ្នាក់ឧត្ដម និងថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់សមត្ថភាពរបស់ស្រ្តីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។
ថ្លែងក្នុងសន្និសិទសារព័ត៌មានស្ដីពី វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងកិច្ចការនារី នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នាព្រឹកថ្ងៃទី ២៨ ខែ កុម្ភៈ លោកជំទាវ គឹម ស៊ីផាន់ រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍ថា ក្រសួងកិច្ចការនារីបានសហការជាមួយក្រសួងអប់រំ ដើម្បីធ្វើយ៉ាងណាជំរុញលើកទឹកចិត្តឲ្យស្រ្ដី បន្ដការសិក្សាឱ្យជ្រៅជ្រះរហូតដល់ថ្នាក់ឧត្ដម និងថ្នាក់បណ្ឌិត។
លោកជំទាវបានបញ្ជាក់ថា ការជំរុញការសិក្សារបស់ស្រ្ដីនេះ ដោយមើលឃើញពីភាពខ្លាំងរបស់ស្រ្ដី បន្ទាប់ពីស្រ្តីក្លាយជាកម្លាំងចលករយ៉ាងសំខាន់មួយ ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍ ។
លោកជំទាវ បន្ដថា សមាមាត្រស្ដ្រីនៅក្នុងវិស័យសាធារណៈ និងនយោបាយ មានការកើនឡើងគួឲ្យគត់សម្គាល់ ពិសេសចំនួនមន្រ្ដីរាជការជាស្ត្រីបានកើនឡើងដល់៤១ភាគរយឆ្នាំ២០១៩ ការតែងតាំងអភិបាលខេត្ដ០១រូបជាស្រ្ដី និងស្រ្ដីនៅក្នុងគណៈអភិបាលក្រុងស្រុក ខណ្ឌ មាន២៦រូប ស្រ្ដីជារដ្ឋលេខាធិការ មាន៥៣រូប ស្មើ១៦.៣៦ភាគរយ ស្ដ្រីជាអភិបាលរងស្រុកខណ្ឌមាន១៩៤ ស្មើ២៥.២៣ភាគរយ ស្ដ្រីជាមេឃុំ ចៅសង្កាត់មាន១៣រូបស្មើ៧.៨៩ភាគរយ។
លោកជំទាវ បញ្ជាក់ថា បច្ចុប្បន្ននេះ និសិ្សតជានារីបានសិក្សានៅកម្រិតឧត្ដមសិក្សា មានការកើនឡើង៤៦.៦ ភាគរយ ក្នុងឆ្នាំសិក្សា២០១៩-២០២០។ សិស្សស្រីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនិទេសA មានចំនួន២២៣រូប ស្មើនឹង៥០.៣៣ភាគរយ។ សិស្សស្រីបានសិក្សានៅថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ មានចំនួន២៣.៣៣ភាគរយ និងថ្នាក់បណ្ឌិត៥.៩ភាគរយក្នុងឆ្នាំសិក្សាឆ្នាំ២០១៩-២០២០៕