អ៊ីរ៉ង់រាយការណ៍ករណីឆ្លងមេរោគកូរ៉ូណាវីរុសចំនួន ២៤៥ករណី និងស្លាប់ ២៦ករណី

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ លោក Kiyanush Jahanpur អ្នកនាំពាក្យក្រសួងសុខាភិបាល និងអប់រំវេជ្ជសាស្រ្តរបស់អ៊ីរ៉ង់បាននិយាយថា ចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីរ៉ង់បានកើនឡើងដល់ចំនួន ២៤៥នាក់ ហើយ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ២៦នាក់។

ទីភ្នាក់ងារព័ត៌មាន Fars បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «មកដល់ពេលនេះមានមនុស្សចំនួន ២៦នាក់បាន​ស្លាប់»។ លោកបាននិយាយបន្ថែមទៀតថា មានករណីថ្មីចំនួន ១០៦ករណី ដែលបណ្តាលមកពីជំងឺកូរ៉ូណាវីរុសត្រូវបានកំណត់​អត្តសញ្ញាណក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ កាលពីថ្ងៃពុធ លោក Jahanpur បាននិយាយថា មនុស្សចំនួន ១៣៩នាក់បានឆ្លង​វីរុសនេះ ហើយអ្នកជំងឺ ១៩នាក់បានស្លាប់។

លោក Mojtaba Zonnur ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសនៃសភាអ៊ីរ៉ង់បាននិយាយថា លោកបានធ្វើតេស្តរកឃើញមេរោគកូរ៉ូណាវីរុសនេះ។ ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា  «ការធ្វើតេស្តរកជំងឺកូរ៉ូណាវីរុសរបស់ខ្ញុំត្រូវបានបញ្ជាក់ថា វិជ្ជមាន។ តែខ្ញុំមិនមានការព្រួយបារម្ភអ្វីឡើយ។ ខ្ញុំត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ»។ កាលពីថ្ងៃអង្គារការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សមាជិកសភាអ៊ីរ៉ង់ម្នាក់ទៀត គឺលោក Mahmoud Sadeghi ក៏បានឆ្លងមេរោគកូរ៉ូណាវីរុសនេះដែរ។

ប្រទេសអ៊ីរ៉ង់បានរាយការណ៍អំពីករណីឆ្លងកូរ៉ូណាវីរុសជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០។ យោងតាមទិន្នន័យជា​ផ្លូវការពួកគេត្រូវបានបញ្ជាក់នៅក្នុងខេត្តចំនួន ២០ ។

ការផ្ទុះឡើងនៃជំងឺរលាកសួតប្រភេទធ្ងន់ធ្ងរកូរ៉ូណាវីរុសនេះ ត្រូវបានគេរកឃើញកើតមាននៅទីក្រុងវូហាន ដែលជាទីក្រុងសេដ្ឋកិច្ច និងឧស្សាហកម្មរបស់ប្រទេសចិន នៅចុងខែធ្នូ ឆ្នាំ ២០១៩ ។ ក្រៅពីប្រទេសចិន មានប្រទេសចំនួន ៤៤ផ្សេងទៀត រួមទាំងប្រទេសរុស្ស៊ីផងដែរ ដែលបានរាយការណ៍អំពីករណីឆ្លងវីរុសនេះ។

យោងតាមអាជ្ញាធរបានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៧៨.៤០០នាក់។ ក្នុងចំណោមអ្នកទាំងនេះមានចំនួន ២.៧៤៤នាក់បានស្លាប់ ខណៈដែលអ្នកជំងឺ ៣២.៤០០នាក់បានព្យាបាលជាសះស្បើយ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)