វៀតណាមបញ្ជាក់សារជាថ្មីចំពោះការគាំទ្រសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកអគ្គរដ្ឋទូតវៀតណាម លោក Dang Dinh Quy ប្រធានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាម​ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងមុតមាំរបស់វៀតណាម ចំពោះការធ្វើឱ្យសម្រេចនូវសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ទៅលើសសរស្តម្ភចំនួន ៣ រួមមានការមិនរីកសាយអាវុធនុយក្លេអ៊ែរ ការរំសាយអាវុធនុយក្លេអ៊ែរ និងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅទីក្រុងញូវយ៉ក ក្នុងឱកាសគម្រប់ខួប ៥០ឆ្នាំនៃ NPT ឯកអគ្គរដ្ឋទូត Quy បានអះអាងថា វៀតណាមបានចូលរួមរាល់កិច្ចប្រឹងប្រែងអន្តរជាតិទាក់ទងនឹងការមិនរីកសាយអាវុធនុយក្លេអ៊ែរ រួមទាំងអនុសញ្ញាថ្នាក់តំបន់ និងពិភពលោកផ្សេងៗទៀត គោរពតាមបទដ្ឋានសុវត្ថិភាពខ្ពស់បំផុតរបស់ទីភ្នាក់ងារថាមពល​អាតូមិក​អន្តរជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវដំណោះស្រាយរបស់ UNSC ។

លោកបាននិយាយថា រាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយចេតនាក្តី ដោយអចេតនាក្តី ឬការគិតពិចារណាមិនត្រឹមត្រូវក្តី គឺបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក។

រដ្ឋដែលគ្មានអាវុធនុយក្លេអ៊ែរ ជាពិសេសប្រទេសដែលបានបំពេញកាតព្វកិច្ច NPT របស់ពួកគេ នៅតែរស់នៅក្នុងភាពភ័យខ្លាច​បើទោះបីជាសន្ធិសញ្ញានេះមានអាយុ ៥ទសវត្សរ៍ទៅហើយក៏ដោយ។

UNSC បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការខិតខំដើម្បីសម្រេចគោលដៅដែលបានកំណត់នៅក្នុងសន្ធិសញ្ញាឆ្ពោះទៅការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងធានាការប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពតែប៉ុណ្ណោះ។

អ្នកចូលរួមទាំងអស់ក៏បានបញ្ជាក់ផងដែរនូវការទទួលខុសត្រូវរួមរបស់រដ្ឋសមាជិក NPT សម្រាប់អនាគតនៃសន្ធិសញ្ញានេះ។

NPT ត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន ១៩០ ហើយត្រូវបានទទួលការស្វាគមន៍ជាទូទៅនៅទូទាំងពិភពលោក៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)