ក្រសួងអប់រំនិងអង្គការSave the Children សហការគ្នាបង្កើតជាវីដេអូរៀនភាសាសញ្ញា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៨ ០២ ២០២០៖

ក្រសួងអប់រំនិងអង្គការSave the Children សហការគ្នាបង្កើតជាវីដេអូរៀនភាសាសញ្ញា ដើម្បីជួយដល់កុមារមានពិការភាព និងខ្សោយសត្តិបញ្ញានៅកម្ពុជា អាចប្រាស្រ័យទាក់ទងជាមួយគ្រួសារនិងសង្គម។

ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា បានដឹងថា គោលបំណងនៃការបង្កើតជាវីដេអូនេះ សម្រាប់ជួយគ្រូក្នុងការអនុវត្តអប់រំបរិយាបន្នផ្តោតលើភាសាសញ្ញាខ្មែរ ចែករំលែកបទពិសោធន៍ស្តីពីការអប់រំបរិយាបន្នផ្តោតលើកុមារពិបាកក្នុងការស្តាប់ដែលបានពីការអនុវត្តជាក់ស្តែងនៅក្នុងខេត្តពោធិ៍សាត់ និងជំរុញឲ្យមានការអនុវត្តការងារអប់រំ ឲ្យបានទូលំទូលាយ ដើម្បីធានាឲ្យបានថាជនមានពិការភាពគ្រប់រូប អាចបានទទួលការអប់រំពេញលេញប្រកប ដោយគុណភាពដូចប្រជាពលរដ្ឋទូរទៅ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយឯកសារសម្រាប់រៀនភាសាសញ្ញាខ្មែរ នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឯកឧត្តមបានមានប្រសាសន៍ថាការបង្កើតជាវីដេអូបង្រៀននេះ ដើម្បីបំរើឲ្យក្មួយៗដែលមានកំសោយនៃការស្តាប់ កំសោយនៃរបបគំឃើញនៃការឃើញតាមគ្រូមិនទាន់ ដើម្បីអាចមើលវីដេអូផ្សំជាមួយកាយវិការដែលអាចឲ្យកុមារទាំងនោះអាចរៀនបានទាន់សិស្សដ៏ទៃ ។
«ការផ្សព្វផ្សាយឯកសារសម្រាប់រៀនភាសាសញ្ញាខ្មែរ នៅលើវីដេអូនៅវេបសាយក្រសួងនេះ គឺជាការចូលរួមចំណែកថ្មីមួយទៀតនៃការលើកម្ពស់បងប្អូនមានពិការភាព គឺជាការបន្ថែមអភិវឌ្ឍន៍ចេញពីភាសាសញ្ញាដែលក្រសួងអប់រំបានធ្វើនៅលើកសៀវភៅ មកដល់ពេលនេះយើងកំពុងតែអភិវឌ្ឍន៍បន្ថែមជាមួយអង្គការ Save the Children ធ្វើឯកសារទាំងអស់នេះទៅជាវីដេអូ ដើម្បីសម្រួលដល់លោកគ្រូអ្នកគ្រូក៏ដូចជាក្មួយៗសិស្សានុសិស្សដែរ ដែលគាត់អាចចូលទៅមើលវីដេអូនេះនិងឆ្លើយសំនួរខ្លួនឯងបាន ។

ករណីនេះជាការជួយគ្នាឈានមួយជំហានទៀត សម្រាប់វិស័យ អប់រំនៅលើការលើកស្ទួយសិទ្ធិក្មួយៗដែលមានពិការភាព ។

ព្រោះអីកិច្ចការទាំងអស់នេះវាជួយសម្រួលក្មួយៗដែលរកឯកសារបានលឿនជាមុន បានច្រើនជាងមុន ដែលក្មួយៗអាចរៀនបន្ថែមពីនៅសាលាក៏ដូចជានៅផ្ទះដែរ »។
ឯកឧត្តមក៏បានអំពាវនាវឲ្យ ឪពុក ម្តាយនិងកុមារខ្លួនឯងផ្ទាល់ ចូលរួមទប់ស្កាត់ពិការភាពដោយខ្លូនឯងផ្ទាល់ តាមរយះការញុំអាហារ ការប្រើប្រាស់គ្រឿងអេឡិចត្រូនិចដោយមានពេលកំណត់ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ។

សូមបញ្ជាក់ថា ក្រសួងអប់រំបានបង្កើតមេរៀនជាវីដេអូចំនួន ២១ គម្រោង សម្រាប់អនុវត្តន៍ សិក្សា ក្នុង ១០សាលាទូទាំងខេត្តពោធិសាត់ ព្រមទាំងបាននឹងកំពុងបន្តអនុវត្តគម្រោងសិក្សានេះ នៅក្នុងខេត្តកំពង់ឆ្នាំង និងតាមគោលដៅចំនួន ២០ បន្ថែមទៀត ៕