សម្តេចតេជោ ប្រកាសថា តំបន់អរិយក្សត្រ និងល្វាឯម នឹងត្រូវកាត់ធ្វើជាខណ្ឌមួយ របស់រាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ 28,02,2020 ៖

សម្តេចតេជោ ប្រកាសថា តំបន់អរិយក្សត្រ និងល្វាឯម ខេត្តកណ្តាល នឹងត្រូវកាត់ធ្វើជាខណ្ឌមួយ របស់រាជធានីភ្នំពេញ នៅពេលខាងមុខនេះ។
ថ្លែងក្នុងពិធីស្រោចស្រព ព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តចំពុះក្អែក សម្តេច អគ្គមហាសេនាបតីតេ តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា នៅពេលខាងមុខនេះ នឹងមានការកាត់ទឹកដីខេត្តកណ្តាល មួយចំនួនទៀត នៅត្រង់ចំណុចអរិយក្សត្រ និងល្វាឯមធ្វើជាខណ្ឌមួយ របស់រាជធានីភ្នំពេញ។ សម្តេចបានបន្តថា តំបន់នេះនឹងត្រូវធ្វើស្ពានចំនួន២ថែមទៀត ដែលស្ពានមួយបានសុំពីរដ្ឋាភិបាលកូរ៉េ ស្ថាបនាពីជ្រោយចង្វារទៅកាន់អរិយក្សត្រ និងស្ពានមួយទៀត សាងសង់នៅចំណុចផ្លូវជាតិលេខ១ ឆ្លងកាត់ត្រង់ក្តីតាកុយ ទៅកាន់ល្វាឯម ដើម្បីធ្វើការតភ្ជាប់ទំនាក់ទំនងគ្នា។ ឆ្លៀតក្នុងឱកាសនោះដែរសម្តេចតេជោបានបញ្ជាក់ថា ការកាត់បញ្ចូលមករាជធានីភ្នំពេញនេះ នឹងធ្វើឲ្យដីនៅតំបន់នោះឡើងថ្លៃជាងមុន ដែលជាការរួមចំណែកជួយបង្កើនជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ៕