រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឆ្នាំ២០២០ជាឆ្នាំគោលសម្រាប់អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនិងគុណភាព

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៨.០២.២០២០៖

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឆ្នាំ២០២០ជាឆ្នាំគោលសម្រាប់អភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនិងគុណភាព ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងទេសចរណ៍ឆ្នាំ២០១៩និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហរិញ្ញាវត្ថុ បានជំរុញឲ្យ ក្រសួងទេសចរណ៍ត្រូវអនុវត្តផែនការសកម្មចំពោះមុខឆ្នាំ ២០២០ -២០២១ សម្រាប់ការអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប។លើសពីនេះទៀត ក្រសួងទេសចរណ៍ក៏ត្រូវរៀបចំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍សម្រាប់រាជធានីភ្នំពេញ និងតំបន់ជុំវិញ ដើម្បីឆ្ពោះទៅឆ្នាំ ២០៣០ ស័ក្តិសមនិងកិត្តិនាមជារាជធានី ពិភពលោកនៃទេសចរណ៍និងវប្បធម៌ ដើម្បីបង្កើនផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែបសម្រាប់ឱ្យភ្ញៀវទេសចរ អាចទស្សនាកំសាន្តនិងស្នាក់នៅយូរជាងមុន។
ឯកឧត្តម បានបន្តថា ក្រសួងទេសចរណ៍ក៏ត្រូវរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជាឆ្ពោះទៅឆ្នាំ ២០៣០ នឹងបញ្ចប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ ២០២០ – ២០៣៥ ដើម្បីធានានូវកិត្យានុភាព« ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក»។លើសពីនេះទៅទៀតក្រសួងទេសចរណ៍ត្រូវខិតខំបញ្ចប់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរីសំដៅចូលរួមការអភិរក្សសម្បត្តិធនធានធម្មជាតិ វប្បធម៌ប្រពៃណីតំបន់និងធ្វើឲ្យបងប្អូនប្រជាជននៅសហគមន៍មូលដ្ឋានមានមុខរបរ មានការងារធ្វើនិងទទួលផលពីសកម្មភាពទេសចរណ៍ទាំងឡាយ។
ឯកឧត្តម បានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជានៅមានសក្តានុពលច្រើនក្នុងការជំរុញការអភិវឌ្ឍសង្គម សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចឲ្យបាននូវគោលដៅភ្ញៀវទេសចរណ៍ចំនួន ១៥ លាននាក់ ចំណូលប្រមាណ ១០ប៊ីលាន ដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់នៅឆ្នាំ២០៣០ ៕