ក្រសួងពាណិជ្ជកម្មនឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី « អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល»ជំនាន់ទី១២ នាពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា : ស៊ឹង សុផារី 28.02.2020៖

ក្រសួងពាណិជ្ជកម្មនឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី«អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល»ជំនាន់ទី១២ នាពេលឆាប់ៗនេះ ក្នុងគោលបំណងដើម្បី គ្រប់គ្រង និងពង្រឹងសមត្ថភាពអ្នកតំណាង ស្របច្បាប់របស់សហគ្រាស ក្រុមហ៊ុនអោយបានជាអតិបរមា ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយដល់ការពង្រឹងនិងបង្កើនប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ ការប្រកាសសេចក្តីជូនដំណឹងផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់ឯកសារនាំចេញ-នាំចូល ជាពិសេសគាំទ្រដល់ការផ្តល់សេវានាំចេញនាំចូលឲ្យកាន់តែប្រសើរឡើង ដូចបានកំណត់ក្នុងប្រកាសលេខ ២៥៨ ព.ណ ចបព.ប្រក ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការទទួលស្គាល់អ្នកតំណាងស្របច្បាប់ ក្នុងការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម ឬ ឯកសារនាំចេញ-នាំចូល នៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ។
ប្រភពដដែលបានបន្តថា ចំពោះសាធារណៈជនទាំងអស់ដែលបំណង ទៅទទួលនិងដាក់ពាក្យចូលរៀន សម្រាប់វគ្គបណ្តុះបណ្តាលស្តីពី “អ្នកតំណាងស្របច្បាប់ក្នុងការស្នើសុំឯកសារនាំចេញ-នាំចូល” ចាប់ផ្តើមបើកពីថ្ងៃជូនដំណឹងនេះតទៅ រៀងរាល់ម៉ោងធ្វើការ នៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ (TTRI)(ជាន់ទី១ អគារA) ទីស្តីការក្រសួងពាណិជ្ជកម្ម ដែលសិក្សារៀងរាល់ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ ចាប់ពីម៉ោង ១:៣០ ដល់ ៥:៣០នាទី រសៀល ៕