បិទបន្ទះចំណាំងផ្លាត លាបថ្នាំក្បាលខឿន និងតម្លេីងស្លាកសញ្ញាក្បាលខឿន នៅលើមហាវិថីសំខាន់ៗចំនួន៦នៅក្នុងរាជធានីភ្នំពេញ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

រាជធានីភ្នំពេញ៖ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញ និងកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍ផងនោះ
មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបិទបន្ទះចំណាំងផ្លាត លាបថ្នាំក្បាលខឿន និងតម្លេីងស្លាកសញ្ញាក្បាលខឿន នៅលើមហាវិថីសំខាន់ៗចំនួន៦នៅក្នុងរាជធានីភ្នំពេញ។
លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅពេលនេះ ក្រុមការងាររបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពបិទបន្ទះចំណាំងផ្លាត ៣M លាបថ្នាំក្បាលខឿន និងតម្លេីងស្លាកសញ្ញាក្បាលខឿន នៅលើបណ្តោយមហាវិថីសហពន្ធ័រុស្សី មហាវិថីព្រះមុនីវង្ស មហាវិថីម៉ៅ សេទុង មហាវិថីព្រះសីហនុ មហាវិថីព្រះមុនីរ៉េត និងផ្លូវលេខ ២៧១។
លោកសាំ ពិសិដ្ឋបន្តថា គម្រោងនេះបានចាប់ផ្ដើមកាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២០ ហើយគ្រោងនិងបញ្ចប់រួចរាល់នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
សូមរំលឹក​ថា នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២០កន្លងមកនេះ អភិបាលនៃអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម​ ឃួង ស្រេងបានជំរុញឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការលាងសម្អាត លាបថ្នាំក្បាល​ និងរបាំងថ្មពុះចែកទ្រូងផ្លូវអោយបានស្អាតជានិច្ច ខណៈដែររបាំងផ្លូវមួយចំនួនបានប្រឡាក់ភក់ និង ធូលី​ ៕