អាស៊ានលើកកម្ពស់ការគ្រប់គ្រងគ្រោះមហន្តរាយ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — សន្និសីទជាន់ខ្ពស់អាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានរៀបចំធ្វើឡើងនៅទីក្រុង​ហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី ២៦-២៧ ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមានវត្តមានគណៈប្រតិភូមកពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាបណ្តាប្រទេសដៃគូរបស់ប្លុកអង្គការក្នុងតំបន់ និងអង្គការអន្តរជាតិនានា។

ថ្លែងនៅក្នុងពិធីបើកព្រឹត្តិការណ៍នេះ អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi បាននិយាយថា ព្រឹត្តិការណ៍នេះ គឺជាការចូលរួមចំណែកមួយទៀតក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ខណៈដែលវាផ្តល់នូវវេទិកាសម្រាប់អ្នកជំនាញ អ្នកគ្រប់គ្រង និងអ្នកបង្កើតគោលនយោបាយដើម្បីផ្លាស់ប្តូរទស្សនៈ និងគំនិតស្តីពីបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងគ្រោះមហន្តរាយ។

លោកបាននិយាយថា ក្នុងខណៈដែលប្រទេសជាសមាជិកអាស៊ានស្ថិតនៅក្នុងតំបន់ងាយរងគ្រោះមហន្តរាយ សមាគមគួរតែ​ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញយន្តការក្នុងតំបន់ដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងគ្រោះ​មហន្តរាយនានា។

សន្និសីទនេះមានគោលបំណងជួយសម្រួលដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងគ្រោះមហន្តរាយឱ្យកាន់តែប្រសើរឡើង តាមរយៈកិច្ចពិភាក្សាចំនួន៦ ដោយផ្តោតសំខាន់ទៅលើការបង្កើតគោលនយោបាយគ្រោះមហន្តរាយនៅអាស៊ីអាគ្នេយ៍ ប្រព័ន្ធប្រកាសអាសន្ន និងប្រតិបត្តិការឆ្លើយតបប្រកបដោយប្រសិទ្ធភាពតាមរយៈបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗដើម្បីពង្រឹងភាពធន់របស់សហគមន៍ លើកកម្ពស់ហិរញ្ញប្បទាន និងធានារ៉ាប់រងគ្រោះមហន្តរាយ ព្រមទាំងការតភ្ជាប់សកលលោក និងភាពជាដៃគូក្នុងតំបន់ស្តីពីការគ្រប់គ្រង​គ្រោះមហន្តរាយផងដែរ។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានប្រទេសចំនួន ១០ ជាសមាជិក គឺព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)