កូរ៉េខាងត្បូងរកឃើញចំនួនអ្នកឆ្លង COVID-19 ២៥៦នាក់បន្ថែមទៀត

វិទ្យុជាតិកម្ពុជា៖ លោក ភួង ឈុនលាង
កូរ៉េខាងត្បូងបានប្រកាសនៅព្រឹកថ្ងៃសុក្រនេះថា បានរកឃើញអ្នកឆ្លងមេរោគ COVID-19 សរុប ២៥៦នាក់បន្ថែមទៀតនាំឲ្យចំនួននៃការឆ្លងសរុបកើនដល់ ២,០២២ករណីនៅទូទាំងប្រទេស។នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០។
យោងតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងទៀតថា ក្នុងចំណោមអ្នកឆ្លងមេរោគ COVID-19 ២៥៦នាក់ខាងលើ មាន ១៨២នាក់ រស់នៅក្នុងទីក្រុងដេហ្គូ (Daegu) និង ៤៩នាក់ស្ថិតនៅខេត្តគ្យុងសាងភាគខាងជើង(Gyeongsang) ខណៈចំនួនអ្នកស្លាប់នៅត្រឹម ១៣នាក់នៅទូទាំងប្រទេស។
សូមបញ្ជាក់ថាចំនួនអ្នកឆ្លងថ្មីមានការកើនឡើងយ៉ាងគំហុកបែបនេះ បន្ទាប់ពីអាជ្ញាធរបានធ្វើការពិនិត្យ សុខភាព ទៅលើមនុស្សជាង ២១០,០០០នាក់ ដែលជាសមាជិកក្រុមជំនុំ ព្រះវិហារសាសនាគ្រិស្តស៊ីនឈីននៅក្នុងទីក្រុង Daegu ជាទីដែលគេរកឃើញថា ជាប្រភពដើមនៃការចម្លងនៃមេរោគ COVID-19៕
ប្រភព៖សារព័ត៌មាន Channel News Asia