អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុបចំនួន ៣៦,១១៧នាក់បានជាសះស្បើយ

វិទ្យុជាតិកម្ពុជា៖លោក ភួង ឈុនលាង
អ្នកជំងឺវីរុស COVID-19 នៅប្រទេសចិនសរុបចំនួន ៣៦,១១៧នាក់ហើយដែលបានជាសះស្បើយ ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ ខណៈករណីឆ្លងថ្មីមានអត្រាធ្លាក់ចុះក្នុងរយៈពេលជិតមួយខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០។
តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកជំងឈឺ COVID-19 ចំនួន ៣,៦២២នាក់ទៀតបានជាសះស្បើយ។ តួលេខនេះគឺនៅតែបន្តខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មី បង្ហាញអំពីប្រសិទ្ធភាពនៃការទប់ស្កាត់ការរីករាលដាល និងព្យាបាលជំងឺនេះរបស់អាជ្ញាធរប្រទេសចិន។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានប្រទេសនិងតំបន់ជាង ៤០ លើពិភពលោក បានរាយការណ៍ពីការឆ្លងមេរោគ COVID-19 ខណៈអង្គការសុខភាពពិភពលោក WHO ក៏ បានព្រមានពីការឆ្លងនៅតាមប្រទេសដទៃទៀតអាចនឹងបន្តកើនឡើងយ៉ាងគំហុក៕