គម្រោងបង្កើតរោងចក្រផលិត​ស្បែកជើង ត្រូវបានកិច្ចប្រជុំអន្តរក្រសួង​ពិនិត្យ និង វាយតម្លៃហេតុប៉ះពាល់បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ — ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ​ប្រចាំការ នៃក្រសួងបរិស្ថាន រសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ​ដើម្បីពិនិត្យនិងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតរោងចក្រផលិត​ស្បែកជើង នៅទីស្តីការក្រសួង។

ប្រភពពីក្រសួងបរិស្ថានឱ្យដឹងថា គម្រោងបង្កើតរោងចក្រផលិត​ស្បែកជើង លើផ្ទៃដីទំហំ ១៨៥.៧៤៣ម៉ែត្រក្រឡា(ដប់ប្រាំបីម៉ឺន ប្រាំពាន់ប្រាំពីររយសែសិបបីម៉ែត្រក្រឡា) ស្ថិតនៅភូមិចំការ​ស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង របស់ក្រុមហ៊ុន ខេន   ស្ព័ត ស៊ូ (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់ បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា ERD CONSULTANTS CO., LTD​ ។

កិច្ចប្រជុំនេះ​ មានសមាសភាពចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននៃ​ក្រសួងបរិស្ថាន​ និងតំណាង​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង និងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង តំណាងនាយក    ដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា ERD CONSULTANTS CO., LTD ចំនួន​ ៣២នាក់។

ក្រោយការពិនិត្យ និងពិភាក្សាអង្គប្រជុំ​ សម្រេច​ដូចខាងក្រោម៖។ ១-​ អង្គប្រជុំ​ ឯកភាពចំពោះគម្រោងបង្កើតរោចក្រផលិតស្បែកជើង របស់ក្រុមហ៊ុន ខេន ស្ព័ត ស៊ូ នៅខេត្តកំពង់ឆ្នាំង។ ២-​ ក្រុមហ៊ុន​ ត្រូវបញ្ចូលរាល់មតិយោបល់របស់សមាជិកនៃអង្គប្រជុំបន្ថែមទៅក្នុងរបាយការណ៍នេះ។ ៣-​ ក្រុមហ៊ុន​ ត្រូវអនុវត្តន៍តាមអនុសាសន៍​របស់អង្គប្រជុំជាវិជ្ជមាន​ ឱ្យបានត្រឹមត្រូវ។ ៤-​ ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់លើសុខភាព​បុគ្គលិក-កម្មករ ព្រមទាំងសហការជាមួយក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតបុគ្គលិកពេទ្យប្រចាំការនៅក្នុងរោងចក្រ។ ៥-​ ក្រុមហ៊ុន​ ត្រូវពង្រីកទំហំអាហារដ្ឋានឱ្យបានសមស្របជាមួយចំនួនបុគ្គលិក-កម្មករ​របស់រោងចក្រ។ ៦-​ ក្រុមហ៊ុន​ ត្រូវសហការជា

មួយក្រុមហ៊ុន​ប្រមូលសំរាម ដើម្បីប្រមូល និងទុកដាក់ឱ្យបានត្រឹមត្រូវ ហើយត្រូវមានធុងសំរាមបន្ថែម​នៅបរិវេណខាងក្រៅរោងចក្រ។ ៧-​ ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់ការបំពុលខ្យល់ និងក្លិន ដែលចេញពីរោងចក្រដោយកាត់បន្ថយទាំងក្នុង និងក្រៅរោងចក្រដោយវិធានដាំដើមឈើឱ្យបានច្រើន។ ៨-​ ក្រុមហ៊ុន​ ត្រូវយកចិត្តទុកដាក់ការបំពុលទឹក សំណល់រាវ​ ត្រូវមានអាងប្រព្រឹត្តិកម្មដែលមានសមត្ថភាពសម្អាតគ្រប់គ្រាន់ចៀសវាងការបង្ហូរចេញក្រៅប៉ះពាល់ដល់ប្រភពទឹកនៅក្បែរតំបន់គម្រោង៕

ដោយ ពេជ្រ ណារិទ្ធ