កម្ពុជា ថៃ បន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន អោយកាន់តែប្រសើរឡើង

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ប៉ុង សុភាវី
MC៖ កម្ពុជា ថៃ សន្យាបន្តពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន អោយកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីជំរុញការផ្លាស់ប្តូរព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយ។
នៅក្នុងឱកាស ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ទោ ឌិករេក ប៊ុងកាន ប្រធាននាយកដ្ឋានព័ត៌មាន កងទ័ពជើងគោក ប្រទេសថៃ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងព័ត៌មាន ភាគីទំាង២បានផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការ លើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ កម្ពុជា ថៃ អោយកាន់តែប្រសើរឡើងបន្ថែមទៀត។
លោកឧត្តមសេនីយ៍ទោ ឌិករេក ប៊ុងកាន បានបញ្ជាក់ពីដំណើរទស្សនះកិច្ចមកកម្ពុជា នាឱកាសនេះ គឺជាការពង្រឹង និងពង្រីកបន្ថែមទៀត លើកិច្ចសហការរវាងស្ថាប័នសារព័ត៌មាន នៃប្រទេសថែ និងកម្ពុជា កាន់តែស៊ីជម្រៅបន្ថែមទៀត ឈរលើកិច្ចសហប្រតិបត្តិល្អ រវាងក្រសួង ព័ត៌មាន នៃប្រទេសទាំងពីរ ដែលមានតាំងពីយូរណាស់មកហើយ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ គឺមានដំណើរ ផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរផងដែរហើយក៏នៅតែបន្តមាននៅពេលខាងមុខថែមទៀត ដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណីនៃប្រទេសទាំងពីរ។ ជាងនេះទៅទៀត គឺក្លឹបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតថៃមានកិច្ចសហការគ្នាល្អនៅមានពេលមានបញ្ហាអ្វីកើតមានឡើងពាក់ពន្ធ័និងប្រទេសទាំងពីរគឺមានទូរសព្ទ័ Hot line មួយដើម្បីធ្វើការទំនាក់ទំនងគ្នាដោយផ្ទាល់ រួមគ្នាស្វែងយល់ដោះស្រាយ រួមជាមួយគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ។ ឯកឧត្តម រដ្ឋមន្រ្តី បានអរគុណចំពោះមន្រ្តី ស្ថានទូត និងអនុពន្ធ័យោធាថៃប្រចាំកម្ពុជា សុទ្ធតែសកម្ម ក្នុងការធ្វើកិច្ចសហការល្អជាមួយកម្ពុជា ពិសេសលើកិច្ចការងារព័ត៌មាន ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ទាក់ទងការងារគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជាតាមការចង់ដឹង របស់គណៈប្រតិភូព័ត៌មានកងទព័ថៃ ថាការដោះស្រាយបញ្ហាជាមួយអ្នកសារព័ត៌មាន ដែលធ្វើខុសក្រមសិលធម៌ និងវិជ្ជាជីវៈ គឺអោយអ្នកកាសែតឬស្ថាប័នសារព័ត៌មានផ្សាយសុំទោសជាសាធារណៈ ជាជាងការប្រើវិធានការផ្លូវច្បាប់ក្នុងការដោះស្រាយ។ សម្រាប់ព័ត៌មាន ក្លែងក្លាយនៅកម្ពុជា ក៏កើតមានយ៉ាងច្រើនផងដែរ ហើយ វិធានការដោះស្រាយ គឺការបកស្រាយបំភ្លឺបានឆាប់រហ័ស ទាក់ទងនិងព័ត៌មានមិនពិតទាំងនោះពិសេសគឺតែងតែរក្សាទុកនូវរូបថតនិងអាខោនហ្វេកបុក អ្នកដែលតែងតែប្រើប្រាស់ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយយកមកផ្សព្វផ្សាយវិញ ដើម្បីអោយសារធារណៈជនបានដឹងថាឈ្មោះនេះ តែងតែផ្សាយព័ត៌មានមិនពិត ដល់ពេលយូរៗ ទៅព័ត៌មានក្លែងក្លាយនោះ បានសាបទៅវិញ ហើយបច្ចុប្បន្នប្រជាពលរដ្ឋ មានការយល់ដឹងច្រើន នៅពេលមានបញ្ហាអ្វី មួយកើតឡើងគេតែងងាកមកមើលផ្ទៀងផ្ទាត់ជាមួយសារព័ត៌មាន ដែលមានវិជ្ជាជីវៈត្រឹមត្រូវវិញ ទើបព័ត៌មាននោះពិតប្រាកដ។ វិធានការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយនេះគឺដើម្បីធានា សុវត្ថិភាពសង្គម និងកុំឲ្យប្រជាពលរដ្ឋមានការភាន់ច្រលំ៕