លោកជំទាវ ពុំ ចន្ទីនី នាំយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១២៤គ្រួសារ មកពីស្រុកចំនួន២ ក្នុងខេត្តក្រចេះ

AKP  ក្រចេះ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បាននាំយកអំណោយ កាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន១២៤គ្រួសារ មកពីស្រុក ចំនួន២ គឺស្រុកឆ្លូងចំនួន៦២គ្រួសារ និងស្រុកព្រែកប្រសព្វចំនួន៦២គ្រួសារ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋពិសេសប្រជាពលរដ្ឋងាយរង គ្រោះ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុង គ្រាលំបាកនានាពោលគឺទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកជំទាវបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានឆ្លើយតបនិងសង្គ្រោះ បន្ទាន់ដល់ជនរង គ្រោះនិងជនងាយរងគ្រោះ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយក្រីក្រមានកូនច្រើន ជាពិសេសជួយ សង្គ្រោះនៅពេលមាន គ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ជាដើម។ 

ក្នុងឱកាសនោះដែរ លោកជំទាវក៏បានផ្តាំផ្ញើដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលអាចនឹងកើត មានឡើងគ្រប់ពេលវេលា។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូននាពេលនោះគឺ ក្នុង១គ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស ត្រីខ ១យួរ មុង១ ភួយ១ សារុង១ និង ក្រមា១៕

ដោយ ជួន សុជាតិ