អ្នកនាំពាក្យក្រសួងការងារលើកឡើងថា ក្នុងខែមីនាខាងមុខនេះ អាចមានរោងចក្រប្រមាណ ២០០ ប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើម

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា នៅក្នុងខែមីនា ឆ្នាំ២០២០ខាងមុខនេះ មានរោងចក្រ សហគ្រាស នៅកម្ពុជាប្រមាណ២០០ អាចប្រឈមនឹងការប៉ះពាល់ដោយសារខ្វះវត្ថុធាតុដើមពីប្រទេសចិន ដើម្បីមកបំពេញសង្វាក់ផលិតកម្មរបស់ពួកគេ ហើយប្រឈមនឹងបញ្ហានេះវាក៏នឹងប៉ះពាល់ដល់កម្មករ និយោជិកកម្ពុជាប្រមាណ១៦ម៉ឺននាក់ផងដែរ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ប្រឈមមុខនឹងបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើការទំនាក់ទំនងយ៉ាងជិតសិទ្ធិជាមួយរដ្ឋាភិបាលចិន ដើម្បីផ្តល់អាទិភាពផ្តត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិនមកកម្ពុជា ដោយធ្វើយ៉ាងណាឱ្យការខ្វះខាតវត្ថុធាតុដើមនេះមកនៅរយៈពេលខ្លី។ ឯកឧត្ដមបានបន្ដថា ការផ្អាកសង្វាក់ផលិតកម្មនៅប្រទេសចិនដោយសារតែវីរុស COVID-19 នេះពិតជាបានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅក្នុងពិភពលោកទាំងមូលតែម្តង។ ឯកឧត្ដមបានបន្ថែមថា សូម្បីតែប្រទេសជប៉ុន កូរ៉េ ក៏បានផ្អាកនូវសង្វាក់ផលិតរបស់ខ្លួនមួយចំនួនផងដែរ ដោយសារតែបញ្ហាខ្វះវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចដែលតែងតែទទួលយកពីប្រទេសចិន។ ដោយឡែកចំពោះកម្ពុជា និងបណ្តាប្រទេសមួយចំនួនផ្សេងទៀតដែលផលិតនូវផលិតផលសម្លៀកបំពាក់នេះក៏ប្រឈមនឹងបញ្ហាកង្វះវត្ថុធាតុដើមដូចគ្នា។ ឯកឧត្ដមបានបន្ថែមទៀតថា តាមរយៈការខិតខំរបស់ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលចិននេះ ឯកឧត្ដមសង្ឃឹមថា កម្ពុជានឹងមានអាទិភាពក្នុងការទទួលបាននូវវត្ថុ ធាតុដើមនេះមុនគេ។ ឯកឧត្តមថ្លែងទៀតថា ក្នុងរយៈពេលដែលការព្យូរការងារដោយចៃដន្យវាក៏បានចាប់ផ្តើមកើតមានខ្លះហើយនៅកម្ពុជា ហើយដែលមកដល់ពេលនេះ គឺក្រសួងបានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ចំពោះមន្ទីរការងារនៅទូទាំងប្រទេស រួមជាមួយនាយកដ្ឋានអធិការកិច្ចក្រសួងការងារធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហគមន៍រោងចក្រកាត់ដេរនៅកម្ពុជា និងរោងចក្រកាត់ដេរស្បែកជើងទាំងអស់អំពីស្ថានភាពស្តុករបស់រោងចក្រនីមួយៗ។

ឯកឧត្ដមបានថ្លែងបន្ថែមថា ក្នុងស្ថានភាពជាក់ស្តែងទាក់ទងនិងបញ្ហាវត្ថុធាតុដើមនេះ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈនេះ រោងចក្រចំនួន១០បានចាប់ផ្តើមស្នើសុំព្យូរការងារចំពោះកម្មករនិយោជិក។ ប៉ុន្តែការព្យូរនេះមិនមែនជាការព្យូរ១០០ភាគរយនោះទេ គឺព្យូរដោយផ្នែកនៃសង្វាក់ផលិតកម្មតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះដែរ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ បានដាក់ចេញវិធានការអន្តរាគមន៍បន្ទាន់ចំពោះបញ្ហានេះ ក្នុងនោះសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប។ រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យផ្តល់ជូនការលើកលែងពន្ធ អាចពី៦ខែ ទៅ១ឆ្នាំ សម្រាប់រោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរទៅតាមកម្រិតធ្ងន់ធ្ងរនៃការប៉ះពាល់ជាក់ស្តែងលើ រោងចក្រនីមួយៗដែលបណ្តាលមកពីកង្វះវត្ថុធាតុដើមផលិត។ ក្រសួងសេដ្ឋកិច្ច ក៏បានសង្កត់ធ្ងន់ថា ក្រសួងនឹងដឹកនាំសម្របសម្រួលរៀបចំនូវរូបមន្ត និងគោលការណ៍ជាក់លាក់ សម្រាប់ការវាយតម្លៃផ្តល់ការលើកលែងពន្ធនេះ៕

ដោយ ចាន់ សុធីវង្ស