រុស្ស៊ីមិនមានគម្រោងអនុវត្តការរឹតបន្តឹងនៅពេលដែលមានការ ផ្ទុះឡើងនូវជំងឺកូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីតាលីនោះទេ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ — កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោកស្រី Tatyana Golikova ថ្នាក់ដឹកនាំក្រុមការងារបង្ការ​មេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ីបានបញ្ជាក់បន្ទាប់ពីកិច្ចប្រជុំក្រុមការងារថា ប្រទេសរុស្ស៊ីមិនមានគម្រោងណែនាំវិធានការរឹតបន្តឹងដោយសារ​តែការផ្ទុះឡើងនៃមេរោគឆ្លង​កូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីតាលីនោះទេ។

លោកស្រី Golikova បាននិយាយថា «ចំពោះសាធារណរដ្ឋអ៊ីតាលី វាពិបាកក្នុងការដាក់ចេញនូវវិធានការណ៍រឹតត្បិតណាមួយ ដោយសារពិចារណាថា ប្រទេសនេះជាផ្នែកមួយនៃសហភាពអឺរ៉ុប។ វាពិតជាពិបាកក្នុងការតាមដានមនុស្សដែលធ្វើដំណើររវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋអ៊ីតាលី។

ប្រធានផ្នែកការពារជនស៊ីវិលរបស់ប្រទេសអ៊ីតាលី លោក Angelo Borrelli បានជម្រាបជូនកាលពីថ្ងៃពុធថា មនុស្សចំនួន ១២នាក់បានស្លាប់ដោយសារមេរោគឆ្លងថ្មីកូរ៉ូណាវីរុសនៅក្នុងប្រទេសអ៊ីតាលី។ ទីក្រុងចំនួន ១០ នៅក្នុងតំបន់រដ្ឋបាល Lombardy របស់ប្រទេសអ៊ីតាលី និងទីក្រុងមួយនៅក្នុងតំបន់ជិតខាង Veneto កំពុងត្រូវបានបិទ។ វិធានការណ៍ដាច់ខាតត្រូវបានណែនាំនៅក្នុង​តំបន់អ៊ីតាលីមួយចំនួនដើម្បីប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)