អាជ្ញាធរស្រុកបន្ទាយស្រីណែនាំអោយម្ចាស់សណ្ឋារគារ ផ្ទះសំណាក់ បញ្ចុះតំលៃតាមការអំពាវនាវរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី

MC៖អាជ្ញាធរស្រុកបន្ទាយស្រីណែនាំអោយម្ចាស់សណ្ឋារគារ ផ្ទះសំណាក់នៅក្នុងភូមិសាស្រ្តរបស់ខ្លួនបញ្ចុះតំលៃតាមការអំពាវនាវរបស់សម្តេចតេជោ ដើម្បីទាក់ទាញភ្ញៀវឲ្យទៅលេងសម្រាក កម្សាន្តនៅខេត្តសៀមរាបឲ្យបានកាន់តែច្រើន។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ប្រាប់វិទ្យុកម្ពុជាឲ្យដឹងថា ការបញ្ចុះតំលៃលើសណ្ឋាគារ និងផ្ទះសំណាក់ ដល់ភ្ញៀវទេសចរ ដែលមកកំសាន្តគឺជារួមចំណែកមួយ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកកំសាន្ត និងស្នាក់នៅ និងអាចជួយបង្កើនចំណូលដល់ប្រជាពលរដ្ឋរបស់យើងផងដែរ។

លោកអភិបាលស្រុកបន្ទាយស្រីបានឲ្យដឹងទៀតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុគ្រោះលើការលើកលែងពន្ធគ្រប់ប្រភេទប្រចាំខែ ចំពោះសណ្ឋាគារនិងផ្ទះសំណាក់ នៅក្នុងខេត្តសៀមរាប ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដា ក្នុងរយៈពេល៤ខែចាប់ពីខែកុម្ភៈ ដល់ខែ ឧសភា ឆ្នាំ២០២០ ដូច្នេះម្ចាស់ផ្ទះសំណាក់ សណ្ឋាការគួរតែបញ្ចុះតម្លៃផងដែរដើម្បីឲ្យ ភ្ញៀវបានទៅលេងកម្សាន្តបានកាន់តែច្រើន។ ការជំរុញឲ្យម្ចាស់សណ្ឋាគារផ្ទះសំណាក់បញ្ចុះថ្លៃបន្ទប់ស្នាក់នៅនេះ បានធ្វើឡើងខណៈដែល ចំនួនភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅខេត្តសៀមរាបបានធ្លាក់ចុះខ្លំាង ដោយសារតែបញ្ហា វីរុសខូវីត១៩ថ្មី។
សំលេង៖ ការបញ្ចុះតំលៃដល់ភ្ញៀវជារឿងល្អ ក្នុងនាមខ្ញុំជារដ្ឋបាលស្រុកខ្ញុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់សម្តេចប្រមុខរាជរដ្ឋាភិបាលដែលបានជួយ ក្នុងនាមរដ្ឋាភិបាលបានដើរតួនាទីមួយជ្រុងដែរ លើហេតុផលពីរធំៗ ទីមួយលើការកាត់បន្ថយពន្ធ ទៅលើអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ទីពីរគឺការបន្ថយចំនួនថ្ងៃ នៅលើសំបុត្រចូលទស្សនាប្រសាទ ដែលក្នុងនេះស្រុកបន្ទាយស្រីក៍មានប្រាសាទផងដែរ។ហើយខ្ញុំជឿថាអ្នកដែលពឹងផ្អែកលើចំណូលពីវិស័យទេសចរណ៍នេះមានភ្ញៀវមកកាន់តែច្រើន គាត់និងបានធូស្រាលផ្នែកជីវភាពរបស់ពួកគាត់ផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីវិធានការអនុគ្រោះពន្ធគ្រប់ប្រភេទ ប្រចាំខែដល់សណ្ឋាគារ និងផ្ទះសំណាក់ ដែលនេះជាការ ជួយឲ្យសណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់ក្នុងខេត្តសៀមរាបក្នុងដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតី ក្នុងអំឡុងពេលដែលមានបញ្ហាប្រឈមដោយជំងឺ Covid-19 និងការធ្លាក់ចុះភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ ៕