ក្រសួងការងារ ប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រនៅគ្រប់កម្រិត

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
MC៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្តេជ្ញាលើកកម្ពស់សមភាពយេនឌ័រនៅគ្រប់កម្រិត ដើម្បីជំរុញឱ្យស្រ្តីក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍ និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ ។
ក្នុងពិធីអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ”នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាព ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០៣០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា បានដាក់ចេញនូវការងារលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចដល់ស្រ្តី និងក្មេងស្រី ជាវិស័យអាទិភាពដាច់ដោយឡែក ក៏ដូចជាការងារក្នុងវិស័យអាទិភាពដ៏ទៃទៀតផងដែរ។
ឯកឧត្តម បានបន្ដថា ការលើកកម្ពស់សមភាពយេនឌ័រនេះ ដើម្បីទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព និងបង្កើនភាពអង់អាចដល់ស្រ្តី និងក្មេងស្រី។
ឯកឧត្តមរដ្ឋមន្រ្ដី បានអំពាវនាវឱ្យមន្រ្តីរាជការ ពិសេសមន្រ្តីជានារីតែម្តង បន្តពូនជ្រុំចំណេះដឹងរបស់ខ្លួន ឱ្យមានការវិវឌ្ឍន៍រីកចម្រើន ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ និងក្លាយជាអ្នកដឹកជាស្ដ្រីដ៏ល្អ ។
យោងតាម របាយការណ៍របស់ស្ថាប័នវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា គម្លាតយេនឌ័រ នៅក្នុងប្រទេសកម្ពុជាត្រូវបាន ថយចុះពីចំណាត់ថ្នាក់ទី១១២ ក្នុងឆ្នាំ២០១៦ មកត្រឹមចំណាត់ថ្នាក់ទី៨៩ ក្នុងឆ្នាំ២០២០។ ការផ្តល់ចំណាត់ថ្នាក់នេះ ផ្អែកលើកត្តាចំបងៗចំនួន៤គឺៈ ទី១-ការបង្កើនការចូលរួមរបស់ស្រ្តីក្នុងវិស័យសេដ្ឋកិច្ច ទី២-សមភាពយេនឌ័រក្នុងវិស័យអប់រំ ទី៣-ស្ថានភាពសុខភាពរបស់ស្រ្តី និងទី៤-សមភាពយេនឌ័រក្នុងតួនាទីជាអ្នកធ្វើសេចក្តីសម្រេចក្នុងវិស័យសាធារណៈ និងនយោបាយ៕